ក្រសួងការងារជំរុញឱ្យសង្គមស៊ីវិល អង្គការដៃគូនៅកម្ពុជា សហការផ្ដល់ព័ត៌មានរបស់ពលករ
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យអង្គការក្រៅរដ្ឋាភិបាល និងសមាគម ព្រមទាំង

អ្នកពាក់ព័ន្ធផ្សេងទៀត សហការផ្ដល់ព័ត៌មានរបស់ពលករខ្មែរដែលមិនទាន់មានការងារធ្វើមកក្រសួងការងារ ដើម្បីអាចឱ្យក្រសួងជួយសម្របសម្រួលរកការងារជូន។

ការជំរុញនេះ គឺធ្វើឡើងក្រោយពេលដែលសង្គមស៊ីវិលមួយចំនួន បានលើកឡើងពីការព្រួយបារម្ភចំពោះឱកាសការងាររបស់បងប្អូនប្រជាពលករ ដែលទើបត្រឡប់ពីប្រទេសថៃ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ “សម្រាប់ខ្ញុំស្វាគមន៍ជានិច្ច ហើយយើងចង់បានណាស់។ អង្គការសង្គមស៊ីវិលទាំងអស់ គឺជាដៃគូរបស់រាជរដ្ឋាភិបាល ដូចនេះការផ្តល់ព័ត៌មានអំពីពលករមកកាន់ក្រសួងការងារ ដើម្បីអាចឱ្យក្រសួងជួយសម្របសម្រួលរកការងារជូនពលករ គឺជាការបង្ហាញពីកិច្ចសហការដ៏ល្អរបស់សង្គមស៊ីវិល និងដៃគូរក្រៅរដ្ឋាភិបាលក្នុងការជួយពលករឱ្យមានការងារធ្វើ ព្រោះនេះគឺជាកិច្ចការរួមទាំងអស់គ្នា ក្នុងនាមជាខ្មែរ មិនថាសង្គមស៊ីវិល រាជរដ្ឋាភិបាល ឬដៃគូផ្សេងទៀតនោះទេ។”

ជាមួយគ្នានេះ លោក ស៊ុន មេសា បានរំលឹកពីវិធានការសំខាន់ៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការដឹកនាំរបស់ឯកឧត្ដម ហេង សួរ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ រួមទាំងថ្ងៃសៅរិ៍ និងអាទិត្យផង ក្នុងការជួយសម្របសម្រួលជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ដោយបានដាក់ចេញវិធានការបន្ទាន់ជាង ១០ចំណុច ដើម្បីជួយពលករឱ្យមានការងារធ្វើ៕
អត្ថបទដោយ៖ cambodia-nation-media