សប្បុរសជនមកពីរស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងឈរជើងជួរមុខទិសទី១ ប្រាសាទព្រះវិហារ(ចំនុចភ្នំខ្មោច)

 សង្គម
 ០៦ កក្កដា ២០២៥
 65

ក្រោមការណែនាំចង្អុលបង្ហាញពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកអភិបាលស្រុកស្ទឹងត្រង់ នារសៀលថ្ងៃទី០៥  ខែកក្កដា ឆ្នាំ២០២៥ លោក រស់ វីរ៉េត មេឃុំអារក្សត្នោត បានដឹកនាំក្រុមការងារនាំអំណោយប្រគល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ប្រាសាទព្រះវិហារ(នៅចំណុចឈរជើងបុស្បូវភ្នំខ្មោច)។

ក្នុងនោះអំណោយរួមមាន÷ ម៉ាសុីនភ្លើង១គ្រឿង អង្ក១តោន ត្រីងៀតសំយ៉ុង១០០គីឡូក្រាម សៀងឆាសាច់ជ្រូក១២០គីឡូក្រាម សាច់ក្រកគោ៥០គីឡូក្រាម បន្លែ ត្រសក់ ស្ពៃក្តោប ល្ហុង ត្រឡាច ២៥០គីឡូក្រាម ខ្ទឹមស៦០គីឡូក្រាម ខ្ទឹមបារាំង១០០គីឡូក្រាម ប៊ីចេង៥០គីឡូក្រាម អំបិលអុីយ៉ូត៥០គីឡូក្រាម ប្រេងឆា៥០ដប មីខ្លាឃ្មុំ៦០កេស ទឹកត្រី៥០យួរ ត្រីខ៤០យួរ ទឹកសុទ្ធកម្ពុជា៥០កេសរួមទាំងវិការជាង១០លានរៀល ។

លោក រស់ វីរ៉េត បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកអភិបាលស្រុកស្ទឹងត្រង់ ជូនចំពោះនាយនិងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ទាំងអស់ ជាមួយនឹងការកោតសរសើរស្ញប់ស្ញែងចំពោះវិរៈភាពកងទ័ពរបស់យើង ពិសេសតាមរយះឃ្លីប

វីដេអូរខ្លីរបស់លោកព្រិន្ទបាលឯក អ៊ុក គា មេបញ្ជាការរង កងអនុសេនាតូចទី១ កងអនុសេនាធំទី៣ វរសេនាតូចអន្តរាគមន៍លេខ៣៧១ កងពលតូចអន្តាគមន៍លេខ៧ ដែលមានការប៉ះទង្គិចពាក្យសំដីជាមួយកងទ័ពថៃ នៅទិសភ្នំខ្មោច។

បើតាមលោក រស់ វីរ៉េត នេះគឺជាការលើកទឹកចិត្ត និងរួមចំណែកសម្រាលការលំបាករបស់កងកម្លាំងដែលបាន លះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី៕

អត្ថបទដោយ៖ cambodia-nation-media