រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ដុតកម្ទេចក្រណាត់និងសំណល់ប្លាស្ទិកបង្កការបំពុលបរិស្ថាន

 សង្គម
 ០២ កក្កដា ២០២៥
 39

ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយ លោក ឡៅ គឹមឈី អនុប្រធាននាយក

ដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ដោយមានការចូលរួមសហការពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានរកឃើញថា រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដុតកម្ទេចក្រណាត់និងសំណល់ប្លាស្ទិក និងបង្កការបំពុលបរិស្ថាន។

បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាករណីមានផ្សែងពណ៌ខ្មៅ ចេញពីបំពង់ផ្សែងឡចំហាយ របស់ រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ក្រុមការងារអធិការកិច្ចក្រសួងបរិស្ថាន ចុះត្រួតពិនិត្យទីតាំងរោងចក្រ

ខាងលើ និងបានបានដាក់វិធានការចំពោះក្រុមហ៊ុនដូចខាងក្រោម៖
១-រោងចក្រត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកជាបន្ទាន់
២-រោងចក្រនឹងត្រូវរងពិន័យអន្តរការណ៍ តាមច្បាប់កំណត់.
៣-រោងចក្រត្រូវស្នើសុំលិខិតអនុញ្ញាតនានា ពាក់ព័ន្ធនឹងវិស័យបរិស្ថាននៅក្រសួងបរិស្ថាន
៤-ទុកដាក់កម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកនៅឱ្យឆ្ងាយពីឡចំហាយ ហាមដាច់ខាតយកទៅដុត
៥-រោងចក្រត្រូវប្រើប្រាស់ក្រុមហ៊ុនប្រមូល ទុកដាក់ ដឹកជញ្ជូនសំរាមសំណល់រឹង ដែលមានអាជ្ញាប័ណ្ណ ត្រឹមត្រូវស្របច្បាប់ស្ថិតក្នុងដែនសមត្ថកិច្ច
៦-រោងចក្រត្រូវកែសម្រួលបច្ចេកទេសឡចំហាយ បំពាក់ដំរងច្រោះផ្សែង ឲ្យត្រូវតាមស្តង់ដាកំណត់៕

អត្ថបទដោយ៖ cambodia-nation-media