លោកជំទាវ សុវណ្ណ វណ្ណារតន៍ ជួប នាយិកាអង្គការអុកស្វាម (OXFAM) ប្រចាំកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម (OXFAM) ប្រចាំកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ទាក់ទងនឹងបេឡាជាតិសន្តិសុខសងគម នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានសម្ដែងក្ដីរីករាយចំពោះកិច្ចសហការក្នុងការអភិវឌ្ឍន៍វិស័យការងារ ប្រកបដោយបរិយាបន្នរួមគ្នាជាមួយអង្គការ OXFAM នាពេលកន្លងមក ក៏ដូចជាពេលខាងមុខ។ លោកជំទាវមានប្រសាសន៍បន្តដោយបង្ហាញដល់ភាគីអង្គការ ស្វែងយល់បន្ថែមពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា សម្រាប់ទិសដៅអភិវឌ្ឍន៍នានារបស់ OXFAM ជាបន្តបន្ទាប់។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការ OXFAM ប្រចាំកម្ពុជា បានសំដែងសេចក្ដីរីករាយ ដែលកន្លងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងតែសហការបានយ៉ាងល្អជាមួយអង្គការ OXFAM ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នានា។
បន្ថែមលើនេះ លោកជំទាវសូមកោតសរសើរខ្ពស់ចំពោះការសហការនានា ថ្វីត្បិតភាគីទាំងពីរឈរនៅទីតាំងផ្សេងគ្នា តែភាគីទាំងពីរមានបេសកកម្មរួមគ្នាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា៕
អត្ថបទដោយ៖ cambodia-nation-media