អភិបាលខេត្តកោះកុង ស្នើដល់ភាគីពាក់ព័ន្ធចូលរួមបង្កើនការយល់ដឹង និងទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយ

 សង្គម
 ០២ កក្កដា ២០២៥
 30

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៥នេះ បានស្នើដល់គ្រប់ភាគីពាក់

ព័ន្ធទាំងអស់នៅមូលដ្ឋានខេត្ត គប្បីចូលរួមបង្កើនការយល់ដឹងឱ្យកាន់តែច្រើន និងទប់ស្កាត់ប្រឆាំងគ្រប់ព័ត៌មានក្លែងក្លាយដែលកើតមាន។

ការស្នើឡើងយ៉ាងដូច្នេះរបស់លោកជំទាវ អភិបាលខេត្តកោះកុង ធ្វើឡើងក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលមានកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុងស្រុក ពលរដ្ឋ និងយុវជនជិត៤០០នាក់ចូលរួម។

លោកជំទាវ អភិបាលខេត្ត សង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលថ្មីបានបង្កើតឲ្យមានការផ្ទុះឡើងនូវអំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង ការមាក់ងាយ ដែលធ្វើឱ្យមានផលប៉ះពាល់ទៅដល់ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សង្គម សេដ្ឋកិច្ច នយោបាយ និងប៉ះពាល់ដល់ទំនាក់ទំនងសង្គម។

លោកជំទាវ មើលឃើញថា នៅរយៈពេលចុងក្រោយនេះ នៅលើពិភពលោកបាននិងកំពុងប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ បញ្ហាភូមិសាស្ត្រសេដ្ឋកិច្ច ទន្ទឹមនេះក៏ត្រូវប្រឈមមុខចំពោះការបញ្ចេញនូវព័ត៌មានក្លែងក្លាយដែលប៉ះពាល់ដល់កិច្ចប្រឹងប្រែងការពារសន្តិភាព និងស្ថេរភាពពិភពលោកផងដែរ។ លើសពីនេះទៅទៀត

បញ្ញាសិប្បនិមិត្ត(AI) ត្រូវបានគេយកទៅប្រើប្រាស់បង្កើតនូវព័ត៍មានដែលមានចរឹកបំភាន់ និង បំពុលសង្គម ព្រមទាំងងាយស្រួលបោកប្រាស់ប្រជាពលរដ្ឋ ដែលមិនសូវចេះប្រើប្រាស់បច្ចេកវិទ្យាបែបទំនើប  ឬយើងហៅថា «អ្នកអក្ខរកម្មព័ត៌មាន៕

អត្ថបទដោយ៖ cambodia-nation-media