កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រៀមខ្លួនជាស្រេចអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីរួមដៃជាមួយកម្លាំងកងទ័ពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី
កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសពីការត្រៀមខ្លួនជាស្រេចក្នុងការ
អនុវត្តនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពួតដៃគ្នាជាមួយកងទ័ព ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីពីពួកចោរសៀមឈ្លានពាន។
ការប្រកាសត្រៀមខ្លួនរបស់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពេលដែលឯកឧត្តម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អមដំណើរដោយលោក សុខ ពេញវុធ
អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អញ្ជើញជាអធិបតីចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ ដែលបម្រើដល់ភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង នៃស្នងការនគរបាលរាជធានីភ្នំពេញ។
ឯកឧត្ត សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្ដែងនូវការកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច និងការត្រៀមលក្ខណៈសម្បត្តិ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការឲ្យបានទាន់ពេលវេលា។ លោកក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ជូនដល់កងកម្លាំងទាំងអស់ផងដែរ។
បន្ថែមពីនេះ លោកសន្ដិបណ្ឌិ សុខ ផល ក៏បានលើកឡើងអំពីបច្ចុប្បន្នសភាពការណ៍នៅព្រំដែនកម្ពុជា-ថៃ ចាប់ពីទិសមុំបី រហូតមកដល់ប្រាសាទតាមាន់ តាក្របី និងតាមបណ្ដាខេត្តផ្សេងទៀតដល់ខេត្តពោធិ៍សាត់ គឺមានការវិវត្តនូវភាពស្មុកស្មាញ ពីមួយថ្ងៃទៅ មួយថ្ងៃ ដែលទាមទារចាំបាច់ នូវការអន្តរាគមន៍ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសគឺកងកម្លាំងប្រដាប់អាវុធ ដែលមានកងយុទ្ធពលខេមរភូមិន្ទ រួមជាមួយកម្លាំងនគរបាលជាតិ៕
អត្ថបទដោយ៖ cambodia-nation-media