កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងសាងសង់ផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ
ឯកឧត្តម ភួង ភិរុណ អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តម ឈួន វិន រដ្ឋលេខា ធិការក្រសួងសាធារណការ និងដឹក
ជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងសាងសង់ផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ
ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពីសមាជិកអង្គភាពគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) និងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យទៅលើការសិក្សាសមិទ្ធិលទ្ធភាពក្នុងការសាងសង់ផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងទៅស្ពានព្រែកតាមាក់ សំដៅពង្រីកការតភ្ជាប់ពី
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ទៅកាន់ផ្លូវជាតិលេខ៨ និងទៅកាន់ស្ពានព្រែកតាមាក់។ គម្រោងផ្លូវតភ្ជាប់នេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើតរាជធានីភ្នំពេញ ពង្រីកការតភ្ជាប់ បង្រួមរយៈពេលធ្វើដំណើរ និងបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media