សហព័ន្ធស្រូវអង្ករកម្ពុជា សូមបដិសេធទាំងស្រុង ចំពោះសម្បកវេចខ្ចប់អង្ករដែលមានសញ្ញា ស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ
សហព័ន្ធស្រូវអង្ករកម្ពុជាមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ថ្មីៗ នេះមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជា
ប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ ដោយមានសញ្ញា ស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។
ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេត លើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុន ត្រួតពិនិត្យគុណភាពនាំចេញ របស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជា សូមបញ្ចាក់ថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ព ក្នុងប្រទេសកម្ពុជាឡើយ។
ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សហព័ន្ធស្រូវអង្ករកម្ពុជា សូមបដិសេធទាំងស្រុងចំពោះសម្បកវេចខ្ចប់អង្ករដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។ ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬ ស្រដៀង ឬ មានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេស នានា នៅលើពិភពលោក។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាប៕
អត្ថបទដោយ៖ cambodia-nation-media