សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលខេត្តព្រះវិហារមើលការខុសត្រូវឱ្យបានដិតដល់លើជនភៀសសឹក
នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាឱកាស
អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ និងបន្ទាប់ពីអញ្ជើញចុះសួរសុខទុក្ខជាមួយជនភៀសសឹក ដែលជាប្រជាពលរដ្ឋមកពីតាមបន្ទាត់ព្រំដែន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំដល់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ត្រូវលើកសំណើទៅរាជរដ្ឋាភិបាល ដើម្បីបញ្ជូនឃីតជាសម្ភារៈ ដូចជា មុង ភួយ និងកន្ទេលថែមទៀតសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម។
ក្នុងនាមអគ្គបញ្ជាការភស្តុភារជាន់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន មានតួនាទី និងភាពចាំបាច់ គិតគូរយ៉ាងម៉ត់ចត់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋឱ្យបានល្អបំផុត។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អភិបាលខេត្តព្រះវិហារ ត្រូវតាមដាន និងយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខុមាលភាពស្រ្តីមានផ្ទៃពោះ និងកុមារ ដើម្បីបង្ការពីជំងឺគ្រុនឈាមផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media