សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតទីម័រខាងកើត ដែលទើបចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្ត
មណ្ឌលខេត្តត្បូងឃ្មុំ បានអនុញ្ញាតឱ្យឯកឧត្តម អើមីនីហ្គីដូ កូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញ សមត្ថភាពនៃសាធារណរដ្ឋប្រជា ធិបតេយ្យទីម័រខាងកើត ដែលទើបចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជំរាបលា។
សម្តេចអគ្គមហាពញាចក្រី បានគូសបញ្ជាក់ថា កម្ពុជា និងទីម័រខាងកើត មានប្រវត្តិឆ្លងកាត់បទពិសោធន៍ពីអតីតកាលប្រហាក់ប្រហែលគ្នា ទម្រាំទទួលបានឯករាជ្យ បូរណភាពដែនដីពេញលេញ បានដូចសព្វថៃ្ង។ សម្តេចបានកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកជំរុញឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ ហើយទំនាក់ទំនងដ៏ល្អនេះ មិនត្រឹមតែជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលផងដែរ ក្នុងពេលដែលសភាពការណ៍សកល មានការប្រែប្រួលមិនទៀងទាត់ដូចសព្វថ្ងៃនេះ។
សម្តេចក៏បានសម្តែងនូវការអបអរសាទរ ដែលសាធារណរដ្ឋទីម័រខាងកើត នឹងក្លាយជាសមាជិកផ្លូវការរបស់អាស៊ាន ចាប់ពីឆ្នាំ២០២៥នេះតទៅ។ កម្ពុជាតែងតែគាំទ្រ ប្រទេសទីម័រខាងកើត ក្លាយទៅជាសមាជិកពេញសិទ្ធទី១១របស់អាស៊ាន រហូតទទួលបានជោគជ័យដូចបំណង។ សម្តេចជឿជាក់ថា សភាទីម័រខាងកើត ក៏នឹងក្លាយជាសមាជិក របស់អន្តរសភាអាស៊ាន(AIPA) ឆាប់ៗផងដែរ។
ឯកឧត្តម អើមីនីហ្គីដូ កូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណចំពោះសម្តេច ដែលអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងជម្រាបលានាឱកាសនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចថា ឯកឧត្តមបានរៀនសូត្រជាច្រើនចេញពីបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ជាពិសេសគឺភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពយូរអង្វែង៕
អត្ថបទដោយ៖ cambodia-nation-media