ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿង ញៀននៅកម្ពុជា»
ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿង ញៀននៅកម្ពុជា»ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់អនុសាសន៍៨ចំណុច ដើម្បីអនុវត្តន៍អោយមានប្រសិទ្ធភាព
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា សម្រាប់ឆ្នាំ២០២៥នេះ ក៏ពិតមិនខុសពីឆ្នាំ២០២៤ដែរ ដោយក្នុងនោះរាជរដ្ឋា ភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនា ធិការ បានខិតខំសម្រិតសម្រាំងរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ ឲ្យមានភាពផុសផុល អធិកអធម ប្រកបដោយខ្លឹមសារអត្ថន័យជ្រាលជ្រៅនិងបរិយាបន្ន ទាំងនៅក្នុងពិធីថ្នាក់ជាតិនារសៀលនេះ និងតាមបណ្តាខេត្តទាំង២៤ទៀត។
ក្នុងនាមសម្តេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តម នេត សាវឿន បានផ្តល់អនុសាសន៍បន្ថែមមួយចំនួន ក្នុងនោះ
ទី១៖ សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ សូមបន្តស្មារតីរួបរួម និងចលនាជាតិមួយ អនុវត្តខ្លឹមសារនៃប្រធានបទទិវារបស់យើង គឺ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ដោយចាប់ពីពេលនេះ គឺយើងត្រូវរួបរួមយ៉ាងណាកាត់ផ្តាច់ឲ្យបាននូវឫសគល់នៃបញ្ហាគ្រឿងញៀន ទី២៖ សូមឲ្យការផ្សព្វផ្សាយ អប់រំ ពីផលប៉ះពាល់នៃគ្រឿងញៀន ក្លាយជាទំនៀមទម្លាប់ប្រពៃណីមួយ ក្នុងសង្គមខ្មែររបស់យើង ពោលគឺចាប់ផ្ដើមពីគ្រួសារមួយ រហូត ដល់សាលារៀន កន្លែងធ្វើការ នៅតាមព្រឹត្តិការណ៍ធំៗ ពិធីបុណ្យទាននានា និងគ្រប់វេទិកាទាំងអស់ សូមឲ្យមានបញ្ជ្រាបសារអប់រំពីបញ្ហាគ្រឿងញៀន ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើង មានជំនឿចិត្តក្នុងខ្លួនថា ខ្លួននឹងមិនពាក់ព័ន្ធជាដាច់ខាតទៅនឹងគ្រឿងញៀន ទី៣៖ សូមអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវជន យុវនារី ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ដើម្បីធ្វើជា ភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ចយើង ក្នុងការរាយការណ៍ ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ដែលយើងរស់នៅ ក៏ដូចជាទទួលបានសារអប់រំទូលំទូលាយផងដែរ។ ទី៤៖ ណែនាំដល់គ្រប់អង្គភាពអនុវត្តច្បាប់ទាំងអស់ សូមឈរលើស្មារតី «៣ កុំ ១ រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយ ការណ៍ ដោយត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានក្តៅគគុកដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋនៃគ្រឿងញៀន បង្ក្រាបឲ្យបានដល់មេក្លោងចែកចាយ ដើម្បីកាត់ផ្តាច់ចរន្តទីផ្សារ ឈានទៅលុបបំបាត់ឲ្យបាននូវឫសគល់នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍ ទី៥៖ វិស័យឯកជនទាំងអស់ រួមមានក្រុមហ៊ុនរោងចក្រ សហគ្រាស គ្រឹះស្ថាន និងអង្គការ សមាគមនានា ត្រូវបន្តចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាល លើវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការសហការជួយលើការងារផ្សព្វផ្សាយអប់រំ ក្រោមរូបភាពផ្សេងៗ ដូចជា ព្រឹត្តិការណ៍ឬវេទិកានានា ដែលមានសារអប់រំពីគ្រឿងញៀន ការជួយឧបត្ថម្ភជាសម្ភារៈ បរិក្ខារ ដូចជា ប៊ិក សៀវភៅ អាវយឺត វត្ថុអនុស្សាវរីយ៍នានា ដែលមានបង្កប់សារអប់រំពីបញ្ហាគ្រឿងញៀន ដើម្បីអាជ្ញាធរចែកជូនដល់សិស្សនិស្សិត យុវជន យុវនារី និងការចូលរួមឧបត្ថម្ភគាំទ្រ ក្នុងរាល់ព្រឹត្តិការណ៍នានា របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូចដែលខ្លឹមសារលិខិតរបស់ សម្តេចធិបតី បានរំលេចយ៉ាងច្បាស់ថា «ការចូលរួមពីវិស័យឯកជន គឺជាកម្លាំងចលករមួយមិនអាចខ្វះបាន ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា»ទី៦៖ លើកទឹកចិត្ត ដល់ ឪពុកម្តាយ អាណា ព្យាបាល និងសាមីខ្លួនអ្នកញៀនគ្រឿង ញៀនទាំងអស់ សូមចូលរួមដោះស្រាយបញ្ហាញៀនគ្រឿងញៀន តាមរយៈការចាប់ដៃជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការស្វែងរកសេវាព្យាបាលនិងស្តារនីតិសម្បទាដើម្បីបន្សាបឈានដល់ការផ្តាច់គ្រឿងញៀន ដែលនេះ គឺជាវិធីតែមួយគត់ អាចស្រោចស្រង់អនាគតរបស់ខ្លួន ក៏ដូចជាអនាគតនៃសង្គមជាតិយើងទាំងមូលបានទី៧៖ អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាប ដោយក្នុងនោះ មានតែលោក លោកស្រីទេ ដែលជាអ្នកនៅមូលដ្ឋានស្រាប់ដឹងគោលដៅទីតាំងភូមិសាស្ត្រច្បាស់លាស់ ថាកន្លែងណាដែលគួរបង្កើនការអប់រំ កន្លែងណាដែលគួរបង្កើនកម្លាំងចុះបង្ក្រាប ដោយយើងមិនអាចរង់ចាំតែក្រុមការងារពីខាងលើទៅនោះទេ
*ទី៨៖ សូមធ្វើការក្រើនរំលឹក ដល់ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ សូមបន្តការអនុវត្ត បទ បញ្ជា ០១បប គោលការណ៍សម្អាតចកចេញពីបឹង របស់ សម្តេចធិបតី តាមរយៈការបន្ត ធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធជាប់ជាប្រចាំ ដើម្បីរក្សាភាពស្អាតស្អំនិងអភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋយើង និងសូមលើកទឹកចិត្ត ដល់វិស័យឯកជនទាំងឡាយណា ដែលស្ម័គ្រចិត្តអនុវត្តគោលការណ៍នេះសូមធ្វើការទាក់ទងជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលត្រៀមខ្លួនក្នុងការសហការលើការងារនេះ៕
អត្ថបទដោយ៖ cambodia-nation-media