ឧត្ដមសេនីយ៍ទោ សោម ស៊ុន ណែនាំដល់កងកម្លំាងចម្រុះនៅតំបន់ដែនជម្រក សត្វព្រៃបឹងពែរ ត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹម
ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព
លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ
ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរង បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ណែនាំការងារនិងប្រគល់ភារកិច្ច ព្រមទាំងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកងកម្លាំងចម្រុះប្រចាំការ ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ភ្នំប្រង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ល ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះទីបញ្ជាការស្រាលទាំងពីរ ដែលប្រចាំការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ភ្នំប្រង់ និងតំបន់ជាំក្របី ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញ
ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារទប់ស្កាត់ មិនឲ្យមានកើតឡើងជាថ្មីនូវបទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ។ ជាមួយនោះដែរ ក៏បានចូលរួមទប់ស្កាត់ ការពារដីព្រៃរបស់រដ្ឋ ដែលជនល្មើសលួចកាប់ទន្ទ្រានកន្លងទៅ មិនឱ្យមានការបាត់បង់ទៅវិញ ឬមានការដាំដុះជាថ្មីជាកម្មសិទ្ធិឯកជនរបស់បុគ្គលណាបានឡើយ៕
អត្ថបទដោយ៖ cambodia-nation-media