ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ណែនាំដល់ក្រុមការងារសាងសង់ សំណង់ស្ទាក់ទឹកកំពង់គោឱ្យបានហ្មត់ចត់លើគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស
និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម និងសហការី បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឯកឧត្តម បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ដ៏មានសារសំខាន់នេះ គ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្តាន់ ខេត្តកំពង់ធំ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលដែលរួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងសម្រាប់បម្រើដល់ការប្រើប្រាស់ក្នុងជីវភាព
រស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងថែមទាំងជួយពង្វាងទឹកជំនន់ បញ្ចៀសការជន់លិចតំបន់ទីប្រជុំជនក្រុងស្រុកនានាដែលស្ថិតតាមបណ្តោយដងស្ទឹងសែនផងដែរ ដែលបានឆ្លើយតបយ៉ាងពិតប្រាកដជាមួយនឹងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានយ៉ាងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថាវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សម្រេចបានប្រមាណ ៧៥%ហើយ ដែលនៅពេលសាងសង់រួចជាស្ថាពរសំណង់ដ៏អស្ចារ្យមួយនេះនឹងជួយបង្កើនសេដ្ឋកិច្ចពលរដ្ឋនៅតាមបណ្ដោយស្ទឹងសែននិងអ្នកខេត្តកំពង់ធំមួយកម្រិតថែមទៀត៕
អត្ថបទដោយ៖ cambodia-nation-media