ឧត្តមសេនីយ៍ទោ សោម ស៊ុន ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ពិការ ដោយសារសង្គ្រាម នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ
លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា

ខេត្តកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជនពិការ ដោយសារសង្គ្រាមឈ្មោះ ឈឹម អាន អាយុ ៨២ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨០ នៅយោធាស្រុកសណ្ដាន់ ខេត្តកំពង់ធំ ហើយបានត្រូវរបួសពិការដោយសារជាន់គ្រាប់មីន ក្នុងសមរភូមិ នៅឆ្នាំ ១៩៨៣ ក្នុងពេលសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយសង្គ្រប់ទីតាំងលាក់ខ្លួនបណ្ដោះអាសន្នរបស់ក្រុមខ្មែរក្រហម នៅសមរភូមិតំបន់ភ្នំជី ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

លោកតា ឈឹម អាន បានមានប្រសាសន៍ថា ក្រោយពេលត្រូវរបួសដាច់ជើងភ្លាម ក្រុមគ្រូពេទ្យកងទ័ពស្ម័គ្រចិត្តវៀតណាម បានបញ្ជូនគាត់មកកាន់មន្ទីរពេទ្យខេត្ត ហើយបើកបញ្ជូនបន្តទៅព្យាបាលរបួសនៅប្រទេសវៀតណាម ក្រោយពេលជាសះស្បើយបានវិលត្រឡប់មកកាន់អង្គភាពវិញ។ បច្ចុប្បន្នគាត់ជាអតីតយុទ្ធជន បានទទួលប្រាក់បៀវត្សប្រចាំខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនគាត់ សម្រាប់ចិញ្ចឹមជីវិតគាត់ និងភរិយាគាត់ ។
លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះការលះបង់សាច់ស្រស់ ឈាមស្រស់ របស់លោកតា ឈឹម អាន ក្នុងការរួមចំណែកការពារទប់ស្កាត់

ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត និងបានរួមចំណែកក្នុងការអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញពេញលេញ ។ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយភាពមុឺងម៉ាត់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី លោកបាននិងកំពុងបន្តដឹកនាំកសាង អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ និងបន្តថែរក្សា ការពារឲ្យបានសុខសន្តិភាព ជូនប្រជាជនកម្ពុជា ទោះបីក្នុងតម្លៃណាក៏ដោយ៕
អត្ថបទដោយ៖ cambodia-nation-media