រកឃើញក្រុមហ៊ុន Musk (Cambodia) Import Export Co., Ltd ប្រភេទកែឆ្នៃស្បែកគោ នៅខេត្តកំពង់ស្ពឺ

 សង្គម
 6 ថ្ងៃមុន
 65

រុមហ៊ុន Musk (Cambodia) Import Export Co., Ltd ប្រភេទកែឆ្នៃស្បែកគោ ស្ថិតនៅភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញបានបំពុលបរិស្ថាន បង្កឡើងដោយការបញ្ចេញសំណល់រាវ និងការគ្រប់គ្រងបរិស្ថាន មិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនិងច្បាប់របស់កម្ពុជា។

យោងតាមការចុះពិនិត្យផ្ទាល់របស់ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន..ស្ថានភាពជុំវិញក្រុមហ៊ុន ក្រុមការងារបានរកឃើញមានស្លាកស្នាមទឹកហូរចេញពីទីតាំងក្រុមហ៊ុន ដែលក្រុមហ៊ុនបានបូមសំណល់រាវស្រោចលើដីវាលទំនាបពាសវាល ពាសកាល។ លើសពីនេះ ក្រុមការងារបានពិនិត្យឃើញមានសំណល់រាវ (សំណល់រាវចាស់) ដក់នៅខាងក្រោយស្រះស្ដុក សំណល់រាវរបស់ក្រុមហ៊ុន មានក្លិនស្អុយ និងមានជាតិប្រេងខ្លាញ់អណ្ដែតជាច្រើននិងធ្វើឱ្យដើមឈើមួយចំនួនងាប់។ ក្រុមការងារបានយកសំណាកសំណល់រាវ ចេញពីទីតាំងនោះបានធ្វើតេស្ត COD=137.4mg/L (ស្តង់ដារ 60mg/L) ក្រុមការងារបានបន្ដពិនិត្យឃើញមានបំពង់ទុយោចំនួនពីរ ដែលក្រុមហ៊ុនប្រើប្រាស់សម្រាប់បង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុន បង្ហូរចូលដីស្រែជាប់នឹងក្រុមហ៊ុន និងឃើញមានទឹកដក់ពណ៌ខ្មៅ និងមានក្លិនស្អុយ ដោយបានយកសំណាកទឹកចំនួន ១សំណាកធ្វើតេស្ដ និងរកឃើញ CODលើសកម្រិតម៉ាស៊ីនតេស្ដបឋម >10000mg/L។

ក្នុងពេលជាមួយគ្នា  ក្រុមការងារបានចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រៃរមៀត ដែលស្ថិតនៅខាងខ្សែទឹកខាងលើទីតាំងក្រុមហ៊ុន ចម្ងាយប្រមាណ ២០០ម៉ែត្រពីទីតាំងក្រុមហ៊ុន ឃើញថាទឹកមានសភាពធម្មតា ពុំមានក្លិនស្អុយនោះទេ។

ក្រុមការងារបានធ្វើតេស្ដគុណភាពទឹកស្ទឹងព្រៃរមៀតបឋម បានរកឃើញកំហាប់សារធាតុ COD=52.52mg/L (អនុឡោមតាមស្តង់ដារ)។ ដោយឡែកនៅក្នុងទីតាំងក្រុមហ៊ុន ក្រុមការងារបានរកឃើញថាក្រុមហ៊ុនពុំមានអាងប្រព្រឹត្តិកម្មសម្រាប់សម្អាតសំណល់រាវនោះទេ ដោយក្រុមហ៊ុនបានបង្ហូរសំណល់រាវចូលស្រះស្ដុកចំនួន៣ ដែលជាប្រភេទស្រះដីធម្មតា រួចបូមបង្ហូរបង្ហៀរដីទំនាបពាសវាលពាសកាល (មានស្លាកស្នាមទឹកហូរ)។ ជាមួយគ្នានេះ ក្រុមហ៊ុនធ្លាប់មានកិច្ចសន្យាពីមន្ទីរបរិស្ថាន (ឆ្នាំ២០២២) ប៉ុន្ដែពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។ សំរាមនិងសំណល់របស់ក្រុមហ៊ុន ត្រូវបានចាក់ចោលពាលវាលពាសកាលពុំមានរោងទុកដាក់ត្រឹមត្រូវនោះទេ និងមានការដុតនៅទីចំហរទៀតផង៕

អត្ថបទដោយ៖ cambodia-nation-media