រដ្ឋមន្ត្រីក្រសួងអប់រំ ជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពនៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

 សង្គម
 6 ថ្ងៃមុន
 63

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំ

ក្រុមការងារចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពនៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាមន្ត្រីពាក់ព័ន្ធក្រោមឱវាទ មន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រង និងគរុសិស្ស និស្សិត។

តាមរយៈរបាយការណ៍ស្ដីពី ស្ថានភាព និងវឌ្ឍនភាពនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប បានឱ្យដឹងថា នៅឆ្នាំសិក្សា២០២៤-២០២៥ នេះ សិស្សសាលាអនុវត្តន៍គរុកោសល្យសរុប មានចំនួន ៤៥០នាក់ ស្រី២១០នាក់ ចែកជា ១២ថ្នាក់អនុវត្តការបង្រៀន និងរៀន២ពេល ហើយគរុសិស្សជំនាន់ទី៤០ មានចំនួន១១៩នាក់ ស្រី៨២នាក់។ គរុសិស្សដែលប្រឡងជាប់មាននិទ្ទេសA ៩នាក់ B៥០នាក់ C២៥នាក់ ហើយមកដល់ខែមិថុនា ឆ្នាំ២០២៥ គុណវុឌ្ឍិរបស់គរុសិស្សបានបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួន ៣០នាក់។

បន្ទាប់ពីស្តាប់របាយការណ៍របស់ លោកនាយកសាលាគរុកោសល្យ និងវិក្រឹតការរួចមក ឯកឧត្តមបណ្ឌិសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានអបអរសាទរសាជាថ្មីម្តងទៀតដល់ សាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប ដែលបានក្លាយជាសាលាគរុកោសល្យគំរូដំបូងគេ ក្នុងចំណោមសាលាគរុកោសល្យទាំង១៦នៅកម្ពុជា។ ក្រសួងបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ដើម្បីលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹង វិជ្ជាសម្បទា បំណិនសម្បទា

និងចរិយាសម្បទារបស់សិស្ស ក៏ដូចជាការផ្តល់ឱកាសរៀនសូត្រកាន់តែច្រើន ដល់សិស្សចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ប្រកបដោយសមធម៌ និងបរិយាបន្ន។ បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់អនុវត្តកំណែទម្រង់គ្រូបង្រៀន ដោយផ្តោតលើការលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន គុណវុឌ្ឍិគ្រូ ចិត្តគរុកោសល្យ លើកកម្ពស់ជីវភាព និងកិត្តិយសគ្រូ ទាក់ទាញសិស្សពូកែៗឱ្យចូលធ្វើគ្រូបង្រៀន កែទម្រង់វិទ្យាស្ថានគរុកោលស្យ និងយកចិត្តទុកដាក់លើកទឹកចិត្តដល់គ្រូបង្រៀនដែលកំពុងអនុវត្តការងារបានល្អហើយ ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត៕

អត្ថបទដោយ៖ cambodia-nation-media