ប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) និងសមាគមក្រុមប្រឹក្សាកម្ពុជា ចិន សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច (CAFED)ពិភាក្សាអំពីគំនិតផ្តួចផ្តើមបង្កើតវិទ្យាស្ថានបញ្ញាសិប្បនិម្មិតកម្ពុជា
នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរ សម និងពិភាក្សាការងារ ជាមួយសភាពាណិជ្ជកម្ម អន្តរជាតិកម្ពុជា (CICC) និង

សមាគមក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា-ចិន (CAFED) ដឹកនាំដោយ លោក Mo Johnny ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជននៃ CICC និង CAFED ក្នុងគោលបំណង ដើម្បីបង្ហាញ និងពិភា ក្សាអំពីគំនិតផ្តួចផ្តើម បង្កើតវិទ្យាស្ថានបញ្ញាសិប្បនិម្មិតកម្ពុជា (Cambodia AI Academy) របស់ CICC និង CAFED ដែលជាគម្រោងដ៏សំខាន់មួយក្នុង

ការកែលម្អប្រព័ន្ធអប់រំនៅកម្ពុជា ព្រមទាំងធ្វើរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពគម្រោងនានាដែលបានអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍យុវជននៃ CICC និង CAFED ក្នុងការគាំទ្រវិស័យអប់រំ។
ភាគី CICC និង CAFED ក៏បានធ្វើបទបង្ហាញពីផលិតផលបច្ចេកវិទ្យា AI និង IT ជាច្រើនរបស់ក្រុមហ៊ុន Maiyue Technology Limited ដែលជាសមាជិករបស់សភាពាណិជ្ជកម្ម ដើម្បីបង្ហាញពីសក្តានុពលនៃការអនុវត្តបច្ចេកវិទ្យាទំនើបទាំងនេះក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

ឯកឧត្តម បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់ CICC និង CAFED ជាពិសេសនាយកដ្ឋានអភិវឌ្ឍន៍យុវជន ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជានាពេលកន្លងមក ដែលឆ្លើយតបនឹងចក្ខុវិស័យរបស់ក្រសួងអប់រំ ក្នុងការកសាង និង

អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព ស្របតាមយុគសម័យឌីជីថល និងតម្រូវការនៃទីផ្សារការងារក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ដោយបានលើកឡើងថា ការបំពាក់ជំនាញឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងចំណេះដឹងពីបញ្ញាសិប្បនិម្មិត (AI) គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ជាតិ។
ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមបង្កើតវិទ្យាស្ថានបញ្ញាសិប្បនិម្មិតកម្ពុជារបស់ CICC និង CAFED ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះដែលជាចក្ខុវិស័យវែងឆ្ងាយ ប៉ុន្តែ

ក៏បានចែករំលែក និងពន្យល់ពីដំណើរការនៃការបើកសាលារៀនក្នុងប្រទេសកម្ពុជាដល់គណៈប្រតិភូ ដែលមានលក្ខន្តិកៈមួយចំនួនដែលត្រូវអនុវត្តតាម ក៏ដូចជាបញ្ហាប្រឈមនានាដែលអាចនឹងជួបប្រទះលើដំណើរការនេះ ដើម្បីធានាបាននូវគុណភាពអប់រំខ្ពស់ និងនិរន្តរភាពក្នុងការអភិវឌ្ឍ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ

ឧបនាយករដ្ឋមន្ត្រី បានណែនាំ CICC និង CAFED ឱ្យសិក្សាឱ្យបានស៊ីជម្រៅនូវគោលការណ៍ណែនាំទាំងនេះមុននឹងបន្តអនុវត្តគម្រោង ដោយក្រសួងនៅតែបន្តបើកចំហរក្នុងការពិភាក្សាបន្ថែមទៀតលើគំនិតផ្តួចផ្តើមនេះ៕
អត្ថបទដោយ៖ cambodia-nation-media