អភិបាលខេត្តកំពង់ធំជួបសំណេះសំណាលជាមួយពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅតាមតំបន់ព្រំប្រទល់កម្ពុជា-ថៃ

 សង្គម
 ១៩ មិថុនា ២០២៥
 79

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានជួបសាកសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅតាមតំបន់ព្រំប្រទល់កម្ពុជា-ថៃ ចំនួន ១៩៦នាក់ នៅភូមិស្វាយម្សៅ, ភូមិអង្គរនាង និងភូមិដា ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

អភិបាលខេត្ត បានជម្រាបជូនសភាពការណ៍ព្រំដែន និងគោលជំហររបស់រាជរដ្ឋាភិបាល នៅក្នុងការដោះ ស្រាយបញ្ហាព្រំដែន និងឱកាសការងារនានាដែលមាននៅក្នុងមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងបានអំពាវនាវដល់បងប្អូនពលករទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាពជូនជាតិមាតុភូមិ និងក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់យើង។

នៅក្នុងឱកាសនោះឯ.ឧ នួន ផារ័ត្ន បានជម្រាបជូនអំពីសាវតាជម្លោះនៅព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នាពេលកន្លងមក និងអំពីបច្ចុប្បន្នភាពស្ថានការណ៍នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ដែលគោលជំហរដ៏ច្បាស់លាល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃ ពិសេសនៅតំបន់ទាំងបួនខាងលើដែលកំពុងមានជម្លោះ គឺត្រូវធ្វើការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ៕

អត្ថបទដោយ៖ cambodia-nation-media