មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ប្រគល់ភារកិច្ចជូនកងកម្លាំង
លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅលើឆាកអន្តរជាតិ នៅក្នុងតំបន់ ពិសេសស្ថានការណ៍ ទូទៅរវាងកម្ពុជា

និងថៃ និងបញ្ហាដែលកើតមានឡើងថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ដែលពេលនេះវីរ:កងទ័ពកម្ពុជា កំពុងឈរជើងយ៉ាងរឹងមាំក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង ។

ជាមួយនេះដែរ កម្ពុជាបានសម្រេចយកតំបន់ទាំងបួន រួមមានប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ អាយសុីជេ ដេីម្បីបញ្ចប់ទំនាស់ជាមួយភាគីថៃ ព្រមទាំងបានផ្សព្វផ្សាយអនុសាសន៍ ចំនួន ៦ ចំណុចរបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយពីលទ្ធផលសំខាន់ៗ ក្នុងភារកិច្ចការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ។ ការគ្រប់គ្រងការពារព្រៃឈើ ការការពារទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ។ ការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដែលមកដល់ពេលនេះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកម្លាំងចម្រុះការពារទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទីមួយ ត្រូវត្រៀមខ្លួនរួចជាស្រេច រួមជាមួយគ្រឿងបំពាក់ មធ្យោបាយនានា តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ នឹងមានកិច្ចការពារជាតិ ការពារបូរណភាពទឹកដី៕
អត្ថបទដោយ៖ cambodia-nation-media