បុរស​ម្នាក់ស៊ីឈ្នួល​បើកត្រាក់ទ័រភ្ជួរ​ដី​ឱ្យ​គេ កិន​ប៉ះ​ចំ​​មីនតោន ផ្ទុះ​យ៉ាង​កក្រើក​បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង

 សង្គម
 ១១ មិថុនា ២០២៥
 144

បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​ជន​រង​គ្រោះ​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ឱ្យ​ម្ចាស់​ចំការ១កន្លែង ស្រាប់តែ​កិន​ប៉ះ​ចំ​កន្លែង​គ្រាប់​មីន​តោន​​កប់​ក្នុង​ដី ដែល​សេសសល់​តាំងពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​លាន់ ឮ​យ៉ាង​ខ្លាំង និង​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ត្រាក់ទ័រ​ផ្នែក​ខាង​មុខ​ទាំងស្រុង​។

ហេតុការណ៍​​​ខាងលើនេះ​បាន​កើតឡើង​នៅ​រសៀល​ ថ្ងៃ១១ មិថុនា នៅ​ត្រង់​ចំណុច​ដីចំការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដីស្អិត ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

នគរបាល​ប៉ុស្តិ៍​ស្ទឹង​ត្រង់ ឱ្យ​ដឹង​ថា ជន​រង​គ្រោះឈ្មោះ យ៉ា​ន ដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត រស់នៅ​ក្នុងភូមិ​ស្ពាន​កណ្តាល ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បានមក​ស៊ីឈ្នួល​បើក​ត្រាក់ ទ័រ​ឱ្យ​ម្ចាស់ចម្ការម្នាក់ឈ្មោះ ឆែម បូ​រី ភេទ​ប្រុស រស់នៅ​ក្នុងភូមិ​ខាងលើ​។


មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ បាន​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឱ្យ​បុរស​ខាងលើ​ជា​យូរថ្ងៃ​មក​ហើយ​។ តែ​នៅ​ព្រឹក​ថ្ងៃ​កើត ហេតុ ជន​រង​គ្រោះ​បាន​ទៅ​បើកត្រាក់ទ័រភ្ជួរ​ដី​នៅ​ក្នុងភូមិ​ខាង លើ​តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​ថ្ងៃត្រង់​ក៏​ឈប់​សម្រាក​ហូប​អាហារ​ថ្ងៃត្រង់ លុះ​មួយសន្ទុះ​ក្រោយមក ក៏​ចាប់ ផ្តើម​ឡើង​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​បន្ត​ទៀត ​រហូត​ដល់​ម៉ោង​១​ជាង​រសៀល​ក៏​​កិនចំកន្លែងមាន​គ្រាប់​មីនតោន ដែល​កប់​ក្នុង​ដី​សេសសល់​តាំងពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​លាន់​យ៉ាង​កក្រើក​ និងស្លាប់​ភ្លាម​ៗនៅនឹងកន្លែងកើត ហេតុ​​តែ​ម្តង​។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ដីចំការ​មួយ​កន្លែង​នេះ ត្រូវ​បាន​ម្ចាស់​ជួល​ត្រាក់ទ័រ​ឱ្យ​ចូល​ទៅ​ភ្ជួរ​រាស់​ដាំ​ដំណាំ​ពោតក្រហម និង​ដំឡូង​មី​ជា​រៀង​រាល់​ឆ្នាំ​មិន​ខាន​ឡើយ ហើយមិន​ធ្លាប់​មាន​ជួប​បញ្ហា​គ្រោះថ្នាក់​អ្វី​កើតឡើង​នោះ​ទេ​៕

អត្ថបទដោយ៖ cambodia-nation-media