កិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហការ និងការអនុវត្តច្បាប់ព្រហ្មទណ្ឌ នៅក្នុងក្របខណ្ឌនៃរដ្ឋបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ

 សង្គម
 ១០ មិថុនា ២០២៥
 115

សាលាស្រុកបារាយណ៍ បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហការ និងការអនុវត្តច្បាប់ព្រហ្មទណ្ឌ ក្រោមវត្តមានឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និង លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍។

ឯកឧត្តម រស់ សារាំ បានលើកឡើងអំពីគោលបំណងសំខាន់ៗ ចំនួន០៣ ដូចខាងក្រោម÷ ១.ផ្សព្វផ្សាយអំពីក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ដោយធ្វើបទបង្ហាញសង្ខេបដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង។ ២.ពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការក្នុងការអនុវត្តច្បាប់ព្រហ្មទណ្ឌ។ ៣.ជំរុញ បង្ការ និងបង្ក្រាបបទល្មើសចាំបាច់សំខាន់ៗ

រួមមាន បទល្មើសគ្រឿងញៀន, ក្មេងទំនើង, ចរាចរណ៍, ឃាតកម្ម, ហិង្សា,  លួចឆក់ប្លន់, ឆបោកតាមប្រព័ន្ធទំនាក់ទំនងសង្គម, ល្បែងសុីសង, កម្ចីក្រៅផ្លូវការគ្មានអាជ្ញាបណ្ណ, ជលផល និងនេសាទខុសច្បាប់, ធនធានធម្មជាតិ, ក្លែងបន្លំឯកសារ, ផ្តល់ឯកសារដោយទុច្ចរិត, សុំផ្តល់ឯកសារដោយទុច្ចរិត និងបទល្មើសសុំផ្តល់លិខិតបញ្ជាក់មិនពិត។ ៤.ដោះស្រាយបញ្ហាប្រឈមនានារវាងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងអាជ្ញាធររដ្ឋបាលភូមិ ឃុំ ស្រុក។

ឯកឧត្តម រស់ សារាំ ស្នើសុំឱ្យថ្នាក់ដឹកនាំរដ្ឋបាលស្រុកបារាយណ៍ កងកម្លាំងទាំងបី មេឃុំ មេភូមិ  មន្រ្តីជលផល មន្ត្រីភូមិបាល និងមន្ត្រីទាំងអស់ ចូលរួមផ្តល់កិច្ចសហការគាំទ្រនូវយុទ្ធនាការ និងការអនុវត្តគោលនយោបាយនានា របស់ក្រសួងយុត្តិធម៌ ដើម្បីបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ត្រឹមត្រូវ តម្លាភាព និង

ប្រសិទ្ធភាព ព្រមទាំងបន្តធ្វើកិច្ចសហការឲ្យកាន់តែស្អិតរមួត ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឡាយ ក្នុងដែនសមត្ថកិច្ចស្រុកបារាយណ៍ នៃខេត្តកំពង់ធំ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដោយ៖ cambodia-nation-media