ពិធីប្រគល់សញ្ញាប័ត្របញ្ចប់ការសិក្សាឆ្នាំ២០២៥ ជូនដល់សិស្សានុសិស្សមធ្យមសិក្សា នៃសាលាអន្តរជាតិកាណាដាភ្នំពេញ

 សង្គម
 ១០ មិថុនា ២០២៥
 86

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាឆ្នាំ២០២៥ ជូនដល់សិស្សានុសិស្សមធ្យមសិក្សា នៃសាលាអន្តរជាតិកាណាដាភ្នំពេញ

មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានចូលរួមអបអរសាទរចំពោះសិស្សានុសិស្សទាំងអស់ដែលបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ ដែលនេះអាចកើតឡើងបានគឺ មកពីការខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តក្នុងការសិក្សារបស់សិស្សានុសិស្សដែលជាចំណុចដ៏សំខាន់ក្នុងដំណើរសិក្សារបស់ក្មួយៗ ដើម្បីត្រៀមនូវដំណើរសិក្សាបន្តបន្ទាប់ទៀត ហើយសមិទ្ធិផលនេះ គឺស័ក្ដិសមនឹងទទួលបានការកោតសរសើរ និងអបអរសាទរដោយមោទនភាព។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានលើកឡើងពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជា ដោយផ្តោតសំខាន់លើការធ្វើទំនើបកម្មកម្មវិធីសិក្សា ការលើកកម្ពស់ជំនាញ STEM ជំនាញឌីជីថល និងការគាំទ្រភាពច្នៃប្រឌិតថ្មីនៅក្នុងសាលារៀន ដោយក្រសួងយល់ច្បាស់ពីសារៈសំខាន់នៃ បញ្ញាសិប្បនិម្មិត (AI) និងការគិតបែបត្រិះរិះពិចារណានៅក្នុងយុគសម័យឌីជីថល។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា អ្នកអាណាព្យាបាល ដែលបានចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កូនៗរបស់ខ្លួនឱ្យខិតខំសង្វាតរៀនសូត្រនាពេលកន្លងមក ដោយគូសបញ្ជាក់ថា មាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប គឺជាកម្លាំងចលករយ៉ាងសំខាន់ដែល

នៅពីក្រោយភាពជោគជ័យនៃការសិក្សារបស់កូនៗ ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានកោតសរសើរ និងវាយតម្លៃចំពោះសាលាអន្តរជាតិកាណាដាភ្នំពេញ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ខិតខំប្រឹង

ប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបានផ្ដល់នូវកម្មវិធីសិក្សា និងការអប់រំ ប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់ ចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា៕

អត្ថបទដោយ៖ cambodia-nation-media