រដ្ឋមន្ត្រី ហេង សួរ ប្ដេជ្ញាចិត្តគាំទ្រគ្រប់បែបយ៉ាង ជូនកងទ័ពជួរមុខ ដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់ផ្សេងៗរបស់កងទ័ព

 សង្គម
 ១០ មិថុនា ២០២៥
 72

សំដៅធានាឱ្យបាននូវជ័យជម្នះក្នុងការការពារជាតិ ការពារអធិបតេយ្យ និងបូរណភាពដែនដីរបស់ជាតិកម្ពុជា

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង

និងថ្នាក់ដឹកនាំសហជីព អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជូន

ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤២ ដែលកំពុងឈរជើងនៅសមរភូមិមុខទិសប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ទាំងមន្ត្រីរាជការស៊ីវិល ទាំងកម្មករនិយោជិត ទាំងវិស័យឯកជន អាជីវករ ក្នុងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធនៅជួរមុខនេះ គឺរឹតតែធ្វើឱ្យកម្លាំងការពារជាតិយើងកាន់តែរឹងមាំ»។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ការសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានដោយផ្ទាល់នេះ គឺជាសក្ខីភាពបញ្ជាក់ជូនកងទ័ពនៅសមរភូមិមុខថា នៅសមរភូមិក្រោយ ក៏មានថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សហជីព កម្មករនិយោជិតនៅចាំជួយជាកម្លាំងរួបរួមសាមគ្គីក្នុងការចូលរួមការពារអធិបតេយ្យជាតិ ជាកម្លាំងដ៏សំខាន់មួយក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ។ កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខមិននៅឯកោទេ ពោលគឺមានតែទទួលបានការគោរពដឹងគុណ ផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅណាស់ ពីព្រោះយើងទាំងអស់គ្នាក៏ជាកូនចៅរបស់កងកម្លាំងប្រដាប់អាវុធ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញការប្ដេជ្ញាចិត្តគាំទ្រគ្រប់បែបយ៉ាង ជូនកងកម្លាំងប្រដាប់អាវុធនៅជួរមុខ ដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់ផ្សេងៗរបស់កងទ័ព សំដៅធានាឱ្យបាននូវជ័យជម្នះក្នុងការការពារជាតិ ការពារអធិបតេយ្យ និងបូរណភាពដែនដីរបស់ជាតិកម្ពុជា៕

អត្ថបទដោយ៖ cambodia-nation-media