កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកសិកម្ម​​ និងជួបសំណេះសំណាលជាមួយ ប្អូនៗមន្រ្តីកសិកម្ម​ឃុំ​ នៅខេត្តព្រះសីហនុ

 សង្គម
 ០៩ មិថុនា ២០២៥
 48

ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​ដឹកនាំកិច្ចប្រជុំ​ពិនិត្យវឌ្ឍនភាពការងារកសិកម្ម​​ ក្នុងរយ:ពេល៥ខែ​ ដេីមឆ្នាំ២០២៥​ និងជួបសំណេះសំណាលជាមួយ ប្អូនៗមន្រ្តីកសិកម្មឃុំ​ចំនួន​ ១៧នាក់​ នៅខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ​ក៏មានការចូលរួមពីលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត​ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ លោក អ៊ុត សំអាល់ ប្រធានគ្រប់គ្រងគម្រោង LASED III និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម​ខេត្ត។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរកសិកម្ម ដែលបានខិតខំប្រឹងប្រែងបំពេញការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងរយៈពេល៥ខែដើមឆ្នាំមកនេះ ស្របតាមគោលនយោបាយ​ និងផែនការសកម្មភាពដែលបានដាក់ចេញ​។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះលោកអភិបាលស្រុក​ និងគណ:អភិបាលស្រុកព្រៃនប់​ ដែលបាន​យកចិត្តទុកដាក់ជួយផ្តល់កន្លែងស្នាក់នៅ​ និងកន្លែងជួបប្រជុំ​ដល់មន្ត្រីកសិកម្មឃុំ​ ក្នុងស្រុកព្រៃនប់ផងដែរ។

ទន្ទឹមនឹងការអបអរសាទរចំពោះមន្ត្រីកសិកម្មឃុំទាំង ១៧រូប ដែលបានប្រឡងជាប់​ និងកំពុងចុះបំពេញការងារជួយដល់ប្រជាកសិករ​ ឯកឧត្តមរដ្ឋលេខាធិការបានលេីកឡេីងអំពីគោលនយោបាយក្នុងវិស័យកសិកម្ម​ ជាពិសេសគោលនយោបាយ​ "មានហូប​ មានប្រេី​ មានបាន​ និងមានរហូត"​ ដោយសង្កត់ធ្ងន់លេីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម​ ក្នុងការធានាសន្តិសុខស្បៀង​ លេីកកម្ពស់ជីវភាពប្រជាកសិករ​ និងចូលរួមទ្រទ្រង់កំណេីនសេដ្ឋកិច្ចជាតិ​។

ជាមួយគ្នានេះ​ ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ បានលេីកឡេីងអំពីសមិទ្ធផលច្រេីនអនេកដែលរាជរដ្ឋាភិបាល​ និងក្រសួងកសិកម្មសម្រេចបាន​ក្នុងវិស័យកសិកម្ម​ ជាពិសេសការជំរុញអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥​ និងទី៦​ ក្នុងវិស័យកសិកម្ម​ ដោយបកស្រាយពន្យល់បែបងាយៗ​ និងសាមញ្ញ​ ជាមួយនឹងលទ្ធផលជាក់ស្តែងផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media