ការហោះត្រង់របស់ក្រុមហ៊ុន Korean Air មកខេត្តសៀមរាបនឹងជំរុញកំណើនទេសចរណ៏កូរ៉េ

 សង្គម
 ០៨ មិថុនា ២០២៥
 67

និងសំរួលការធ្វើដំណើររបស់ប្រជាជនកូរ៉េដែលកំពុងរស់នៅក្នុងខេត្តសៀមរាប និងខេត្តជុំវិញ Korean Air ..

ក្នុងឱកាសសម្ពោធជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក TAE Wook Lee អគ្គនាយក និងជាប្រធានក្រុមសម្រាប់តំបន់អាស៊ីអគ្នេយ៍ និងអូសេអានីរបស់ក្រុមហ៊ុន Korean Air ចូលជួបសម្តែងការគួរសម និងពិភាក្សា

ការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ ព្រមទាំងគម្រោងមកទស្សនកិច្ចនៅកម្ពុជារបស់ក្រុមហ៊ុន ​នៅពន្លារបស់ក្រសួងទេសចរណ៍នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការជួយជ្រោមជ្រែងរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអ្នកទេសចរតាមផ្លូវអាកាសរវាងកម្ពុជា និងកូរ៉េ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់កន្លងមក និងស្នើសុំបន្តជួយបន្ត ព្រមទាំងពង្រឹកបន្ថែមទៀតតាមរយៈការហោះហើរត្រង់ និងជាប្រចាំមកខេត្តសៀមរាប និងខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម។

ឯកឧត្តមរដ្ឋមន្រ្តី ស្នើក្រុមហ៊ុនជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយចាក់ផ្សាយវីដែអូឃ្លីបផ្សព្វផ្សាយទេសចរណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ហើយក្រសួង ទេសចរណ៍រីករាយស្វាគមន៍ការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីជួបពិភាក្សាការងារសហប្រតិបត្តិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

អត្ថបទដោយ៖ cambodia-nation-media