ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ឯកភាពគ្នាពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការទាក់ទងនឹងកម្មវិធី TVET នៅកម្ពុជា
ការបង្ហាញនេះធ្វើឡើងក្នុងជំនួបរវាងលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងដ៏ខ្ពង់ខ្ពស់
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់ដែលដឹកនាំដោយលោកស្រីបណ្ឌិត Martina Habibes អ្នកជំនាញផ្នែកគំនិតផ្តួចផ្តើម VB4-នាំចេញថាមពល, កម្មវិធីអភិវឌ្ឍន៍ទីផ្សារនៃក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុសហព័ន្ធ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានចែករំលែកព័ត៌មាន និងបង្ហាញពីស្ថានភាពនៃការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីជាពុទ្ធិបន្ថែមសម្រាប់គណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់ក្នុងការឈ្វេងយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលើកបានបង្ហាញផងដែរ ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាតាមរយៈការជួយគាំទ្រគម្រោងបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ពលរដ្ឋ និងយុវជន ដើម្បីជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របទៅតាមចក្ខុវិស័យ និងគោលនយោបាយដ៏វែងឆ្ងាយ ដើម្បីសម្រេចបាននូវគោលដៅក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
តំណាងគណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់បានឯកភាព និងបង្ហាញជំហរក្នុងការគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ផងដែរ។ លើសពីនេះ គណៈប្រតិភូអាល្លឺម៉ង់មានបំណងចង់ពិភាក្សាលម្អិតបន្ថែមទៀតជុំវិញកិច្ចសហប្រតិបត្តិការនេះនាពេលក្រោយទៀត៕ អត្ថបទដោយ៖ cambodia-nation-media