ក្រុមយុវជនបូជាការពារយុត្តិធម៌” ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយចុះសាកសួរសុខទុក្ខកងទ័ពផ្ទាល់
ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស រួមមាន៖ ថវិកាចំនួន ២០០លានរៀល មីជាតិ ២ ០០០កេស និងអង្ករ ៥០តោន ជូនដល់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលបានលះបង់គ្រប់បែបយ៉ាងការពារសុខសន្តិភាព ការពារបូរណភាពដែនដី និងអធិបតេយ្យជាតិ។
ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ជាមេទ័ពដ៏ឆ្នើមរបស់កម្ពុជា បានដឹកនាំកងទ័ព និងអាវុធធន់ធ្ងន់ជាច្រើនទៅកាន់ព្រំដែន ដែលបានអនុញ្ញាតិឲ្យយុជនបូជាការពារយុត្តិធម៌ ចុះមកជួបផ្ទាល់ដើម្បីសម្តែងនូវការគោរពដល់វីរភាព ស្មារតីស្នេហាជាតិរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់គ្រប់បែបយ៉ាងការពារជាតិមាតុភូមិ។ ទន្ទឹងគ្នានោះ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា សូមផ្តាំផ្ញើសាកសួរសុខទុក្ខជូនដល់កងកម្លាំងទាំងអស់ដែលកំពុងឈរយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិ បូរណភាពទឹកដី និងត្រៀមទទួលអនុវត្តនូវបទបញ្ជាម៉ឺងម៉ាត់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕
អត្ថបទដោយ៖ cambodia-nation-media