អាជ្ញាធរជាតិអប្សរា រៀបចំកម្មវិធីបណ្ដុះគំនិតកុមារចេះថែរក្សាបរិស្ថានក្នុងតំបន់អង្គរ

 សង្គម
 ៣០ ឧសភា ២០២៥
 56
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបឋមសិក្សាចំនួន៣ មានសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាត្រពាំងស្វាយ សាលាបឋមសិក្សាគោកគ្រើល ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានរៀបចំកម្មវិធីបណ្ដុះគំនិតកុមារចេះថែរក្សាបរិស្ថានក្នុងតំបន់អង្គរ ដល់សិស្សានុសិស្សថ្នាក់ទី៤ដល់ទី៦ សរុបចំនួន៣៨៣នាក់។ កម្មវិធីនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា លោក Satoru Kishino តំណាងស្ថាប័នធានាគុណភាពជប៉ុនJQA លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡា និងនាយិការសាលាបឋមសិក្សាដូនឪ ព្រមទាំងលោកគ្រូអ្នកគ្រូ។ កម្មវិធីបណ្ដុះគំនិតកុមារចេះថែរក្សាបរិស្ថានក្នុងតំបន់អង្គរ ដើម្បីឱ្យកុមារយល់ដឹង និងចេះស្រឡាញ់ថែរក្សា ការពារសម្បត្តិវប្បធម៌ និងធម្មជាតិនៃអង្គរ ក្នុងន័យការចូលរួមថែរក្សា និងការពារតំបន់ប្រាសាទអង្គរ ដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាពរវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល៕

អត្ថបទដោយ៖ cambodia-nation-media