វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសផ្ដល់អាហារូបករណ៍ ៦៦៥កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ

 សង្គម
 ២៩ ឧសភា ២០២៥
 65
វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន៦៦៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈកម្រិត១ (C1) ព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។ ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ស្ថានភាពជីវិតយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបានចំណូលសមរម្យ។ សម្រាប់វគ្គសិក្សាពីថ្ងៃចន្ទ-សុក្រ វេនព្រឹក-រសៀល ម៉ោង ៨:០០-១២:០០ និង ១:៣០-៤:៣០ មានជំនាញ៖ (១).ជំនាញដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល (ជំនាញកុំព្យូទ័រ) ចំនួន៣៥នាក់។ (២).ជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ចំនួន៣៥នាក់ (៣).ជំនាញថែទាំនិងជួសជុលរថយន្ត ចំនួន៣៥នាក់ (៤).ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ចំនួន៣៥នាក់ (៥).ជំនាញថែទាំនិងជួសជុលម៉ូទ័រអគ្គិសនី ចំនួន៣៥នាក់ (៦).ជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ចំនួន៣៥នាក់ (៧).ជំនាញសម្អាងកាយ ចំនួន៣៥នាក់។ សម្រាប់ការសិក្សាពីថ្ងៃចន្ទ-សុក្រ វេនយប់ (៥:៣០-៨:៣០) រួមមាន៖ (១).ជំនាញដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល (ជំនាញកុំព្យូទ័រ) ចំនួន៣៥នាក់ (២).ជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ចំនួន៣៥នាក់ (៣).ជំនាញថែទាំនិងជួសជុលរថយន្ត ចំនួន៣៥នាក់ (៤).ជំនាញថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ចំនួន៣៥នាក់ (៥).ជំនាញថែទាំនិងជួសជុលអគ្គិសនីរថយន្ត ចំនួន៣៥នាក់ (៦).ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ចំនួន៣៥នាក់ (៧). ជំនាញថែទាំនិងជួសជុលម៉ូទ័រអគ្គិសនី ចំនួន៣៥នាក់ និងទី(៨).ជំនាញកែច្នៃបន្លែនិងផ្លែឈើ ចំនួន៣៥នាក់។ ដោយឡែក កម្មវិធីសិក្សាសម្រាប់ថ្ងៃសៅរ៍-អាទិត្យ ម៉ោង ៨:០០-១២:០០ និង ១:៣០-៤:៣០ មានមុខជំនាញចំនួន៤ គឺ (១).ជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ចំនួន៣៥នាក់ (២).ជំនាញថែទាំនិងជួសជុលរថយន្ត ចំនួន៣៥នាក់ (៣).ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ចំនួន៣៥នាក់ និង(៤). ជំនាញសេវាកម្មសម្អាងកាយ ចំនួន៣៥នាក់៕

អត្ថបទដោយ៖ cambodia-nation-media