ទាហានកម្ពុជា និងថៃ ផ្ទុះអាវុធដាក់គ្នា នៅក្នុងជម្លោះនៅតាមព្រំដែន នៃតំបន់ ចុងបូក(មុំបី) ភាគឦសាន នៃខេត្ត Ubon Ratchathani នៅព្រឹកថ្ងៃពុធនេះ

 សង្គម
 0 ម៉ោងមុន
 61
នេះបើតាមសេចក្ដីរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍ ដែលបានបញ្ជាក់បន្ថែមថា ការប៉ះទង្គិចគ្នា ធ្វើឡើងក្នុងរយៈពេលខ្លី និងមិនបានបង្កឱ្យមានអ្នករងរបួសនោះឡើយ។ លោកឧត្តមសេនីយ៍ Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃ បាននិយាយថា ក្រុមទាហាន Suranaree Task Force បានរាយការណ៍ពីការប៉ះទង្គិចគ្នា ដែលបានកើតឡើងនៅវេលាម៉ោង ៥ និង៣០នាទីព្រឹក នៅថ្ងៃពុធទី ២៨ ខែឧសភា។ តាមកាសែតថៃដដែលនេះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានទាហានខ្មែរមួយក្រុម បានចូលទៅតំបន់ដែលមានជម្លោះ ហើយទាហានថៃ ក៏បានចូលទៅជិត និងបានសួរនាំ ហើយក៏បានប៉ះពារសម្ដីគ្នា រហូតដល់មានការផ្ទុះអាវុធ កើតឡើងប្រហែល ១០នាទី។ ទោះយ៉ាងណា បើតាមបាងកកប៉ុស្ដិ៍ លោក ឧត្តមសេនីយ៍ Winthai អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ថា ក្រោយកើតហេតុ មេបញ្ជាការរងនៃកងកម្លាំងក្នុងស្រុកថៃ និងកម្ពុជា បានពិភាក្សាគ្នាភ្លាមៗ តាមទូរសព្ទ និងបានយល់ព្រមបញ្ឈប់សកម្មភាពបាញ់តបតគ្នា ប៉ុន្ដែ ទាហាននៃប្រទេសទាំងពីរ នៅតែស្ថិតនៅកន្លែងកើតហេតុ។ មកដល់ម៉ោងរសៀលនេះ នៅមិនទាន់មានការធ្វើអត្ថាធិប្បាយ លើបញ្ហាដែលបានកើតឡើង នាព្រឹកមិញនេះទេ ពីនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ៕

អត្ថបទដោយ៖ cambodia-nation-media