កម្ពុជា-ម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ

 សង្គម
 ២៧ ឧសភា ២០២៥
 55
នាសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥,  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ី ប្រាហ៊ីម (Dato' Seri Anwar Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានអបអរសាទរ និងកោតសរសើរចំពោះការរៀបចំយ៉ាងល្អប្រសើរនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។ ជាមួយគ្នានេះ សម្ដេចបវរធិបតី បានសម្ដែងការគាំទ្រចំពោះការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់។ ជាការឆ្លើយតប, ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម បានថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតីដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា វិស័យថាមពល និង ហាឡាល់ ដោយថ្នាក់ដឹកនាំទាំងពីរបានលេីកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា-ម៉ាឡេស៊ី បន្តពិភាក្សាគ្នា ឱ្យបានស៊ីជម្រៅបន្ថែមទៀត៕

អត្ថបទដោយ៖ cambodia-nation-media