អភិបាលខេត្តកំពង់ធំ បានថ្លែងថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាទីពឹងពំនាក់ ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសាងនូវបុណ្យកុសល
កន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង ហើយវត្តអារាមក៏ជាឃ្លាំង ចំណេះដឹង។
ការថ្លែងដូច្នេះ នៅក្នុងឱកាសដែលលោក និងលោកស្រី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធ ឆ្លងឧបដ្ឋានសាលាធម្មសភា និងសមិទ្ធផលនានានៅក្នុងវត្តក្តីចារ៍ (ហៅវត្តសុជុល) ស្ថិតនៅឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
បើតាមឯកឧត្តម នួន ផារ័ត្ន វត្តអារាម គឺជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល ប៉ុន្តែគួរឱ្យសោកស្តាយបំផុត នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត វត្តអារាមត្រូវបានគេបំភ្លេចចោល ព្រះសង្ឃដែលជាអ្នកមានចំណេះដឹង ត្រូវបានពួកយង់ឃ្នងចាប់ផ្សឹក សៀវភៅធម៌អាថ៌ ក្បួនច្បាប់ផ្សេងៗ ពាក់ព័ន្ធព្រះពុទ្ធសាសនាត្រូវបានបំផ្លាញខ្ទេចខ្ទី។ បច្ចុប្បន្ននេះ ដោយសារប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ វត្តអារាមបានរីកដុះដាលគ្រប់កន្លែង។ ជាក់ស្តែងវត្តនៅទូទាំងខេត្តកំពង់ធំបានកើនរហូតដល់២៩៧វត្ត និងមានអាស្រម២២កន្លែង ដែលមានព្រះសង្ឃគង់នៅសរុបចំនួន ៣.៧១២អង្គ។
សូមបញ្ជាក់ផងដែរថា សាលាឆាន់បានសាងសង់រួចជាស្ថាពរនេះបណ្ដោយប្រវែង៣០ម៉ែត្រ ទទឹងប្រវែង២៥ម៉ែត្រ និងកម្ពស់១៥ម៉ែត្រ កសាងនៅឆ្នាំ២០១៩ រួចរាល់នៅឆ្នាំ២០២៥ផងដែរ៕ អត្ថបទដោយ៖ cambodia-nation-media