ពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះ សំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

 សង្គម
 6 ថ្ងៃមុន
 35
សម្តេចមហាបវរធិបតី ហ៊ន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាព្រឹកថ្ងៃទី២២ ខែឧសភានេះ បានអញ្ចើញ សំណេះ សំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងពិធីអបអរសាទរ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ទទួលបានក្រុមហ៊ុន វិនិយោគចំនួន២០០ គិតត្រឹមខែឧសភា។ សូមជំរាបថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពីចំនួន ៦៩ សហគ្រាស កើនឡើងដល់ ៣ ៨៣៣សហគ្រាស ជាមួយកម្មករនិយោជិត សរុបជាង១១ម៉ឺន នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣៥៩លានដុល្លារ អាម៉េរិក ។ បើគិតទូទាំងប្រទេស ពីដំណាច់ឆ្នាំ ២០២៤ ដល់ត្រឹមខែមេសា ឆ្នាំ២០២៥ នេះ សហគ្រាស គ្រឹះស្ថាន បានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២លាននាក់ ដល់ប្រមាណ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូនកម្មករ-និយោជិត ជាមធ្យមសរុបប្រចាំឆ្នាំ ប្រមាណ ៥,៩ពាន់លានដុល្លារអាម៉េរិក ។ ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧សហគ្រាស មានកម្មករ-និយោជិត ប្រមាណ ៩៧ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ពាន់លានដុល្លារអាម៉េរិក ។ ការវិនិយោគបង្កើតរោងចក្រសហគ្រាស បានផ្តល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោល ដែលបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងបានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនជាបន្តបន្ទាប់៕

អត្ថបទដោយ៖ cambodia-nation-media