កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៦និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាប…

 សង្គម
 ២០ ឧសភា ២០២៥
 57
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។ កិច្ចប្រជុំនេះរៀបចំដោយកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) សហការជាមួយមជ្ឈមណ្ឌល - អាហា ចាប់ពីថ្ងៃទី២០ដល់២៣ ខែឧសភា ឆ្នាំ២០២៥ មាន ប្រធានបទ នៅឆ្នាំនេះ គឺបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់អាស៊ាន ក្នុងការជំរុញ បរិយាប័ន្ន ភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដូចដែល យើងនឹងប្រារព្ធខួបលើកទី២០ឆ្នាំ នៃអាត់ប៊ែរ (AADMER) យើងឆ្លុះបញ្ចាំងពីសមិទ្ធិផលរបស់យើង ដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមាន និងកំណត់មាគ៌ាសម្រាប់អនាគត។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៦។ ជាកិត្តិយសដ៏ធំធេងណាស់ សម្រាប់ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន នៅឆ្នាំនេះ ដែលទទួលរៀបចំកិច្ចជុំដ៏សំខាន់នេះ។ ក្រោមប្រធានបទ "២០ឆ្នាំ នៃអាត់ម៉ែល ចក្ខុវិស័យរបស់អាស៊ាន សម្រាប់ភាពជាអ្នកដឹកនាំសកល ក្នុងភាពធន់នឹងគ្រោះមហន្តរាយ" យើងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពរួម និងបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់យើងចំពោះតំបន់ ប្រកបដោយភាពរឹងមាំ និងធន់ជាងមុន។ ជាពិសេស មកចូលរួមកិច្ចប្រជុំ ACDM ជាលើកដំបូងក្នុង ឆ្នាំ២០២៥។ ការបន្តការចូលរួម និងការគាំទ្ររបស់ សមាជិកអាស៊ានមានសារៈសំខាន់ នៅពេលយើងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។ ឯកឧត្តមទេសរដ្ឋមន្ត្រីឆ្លៀតក្នុងឱកាសនោះតាំងនាមអោយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជន មីយ៉ាន់ម៉ា និងថៃ បន្ទាប់ពីគ្រោះគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ កាលពី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ការចូលរួមរំលែកទុក្ខ និងការយកចិត្តទុកដាក់របស់យើង គឺស្ថិតនៅជាមួយគ្រួសារ និងសហគមន៍ ដែលរងផលប៉ះពាល់។ សោកនាដកម្មនេះ រួមទាំងការ រអិលបាក់ដីនាពេលថ្មីៗនេះ នៅក្នុងខេត្តចាវ៉ា ភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ី គឺជាការរំលឹក យ៉ាងច្បាស់អំពីការគំរាមកំហែងនៅបន្ត ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់ ។ ទេសរដ្ឋមន្ត្រីបានកោតសរសើរ ចំពោះការឆ្លើយតបយ៉ាងរហ័ស និងកិច្ចសហការដ៏រឹងមាំ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌល-អាហា ក្នុងការ ផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ ក្រោមប្រព័ន្ធភស្តុភារសង្គ្រោះគ្រោះមហន្តរាយសម្រាប់អាស៊ាន (DELSA) ដល់អ្នកដែលត្រូវការជំនួយ៕

អត្ថបទដោយ៖ cambodia-nation-media