កិច្ចប្រជុំដំបូងរបស់ក្រុមការងារចំពោះកិច្ច ដើម្បីពិភាក្សាលើការកំណត់ទីតាំង ពិនិត្យលទ្ធភាព
ទីស្ដីការក្រសួង៖ នាថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម តាំង សាមឿន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចំពោះកិច្ច ដើម្បីកំណត់ទីតាំងសាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិក្នុងក្របខ័ណ្ឌគម្រោងជំរុញការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន នៅព្រះរាជាណាចក្រកម្ពុជា ដែលប្រើប្រាស់ហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងរបស់ក្រុមការងារចំពោះកិច្ច ដើម្បីពិភាក្សាលើការកំណត់ទីតាំង ពិនិត្យលទ្ធភាព និងវិធានការដោះស្រាយដីបម្រុងទុកសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិទាំង៤កន្លែង (ខេត្តតាកែវ ក្រចេះ រតនគិរី និងត្បូងឃ្មុំ)។
កិច្ចប្រជុំនេះមានការចូលរួមពីលោកអនុប្រធានប្រចាំការ នៃក្រុមចំពោះកិច្ច អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលរង និងមន្រ្តីតំណាងសាលារដ្ឋបាលខេត្តទាំង៤ ប្រធានមន្ទី និងមន្រ្តីតំណាងមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្តទាំង៤ និងសមាជិកក្រុមការងារចំពោះកិច្ចនៃគម្រោង។
ជាលទ្ធផលនៃកិច្ចប្រជុំបានសម្រេចរួមមានៈ (១). ឯកភាពលើកាលបរិច្ឆេទសម្រាប់ក្រុមការងារចំពោះកិច្ចធ្វើការចុះសិក្សាផ្ទាល់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ និងសម្រេច (២).ស្នើសុំឱ្យក្រុមការងារថ្នាក់ក្រោមជាតិរៀបចំជាជម្រើសយ៉ាងតិចមួយ ឬពីរនៃការកំណត់ទីតាំងសម្រាប់ការកសាងស្ថានីយច្រកព្រំដែន (៣).ស្នើសុំធ្វើការត្រួតពិនិត្យលិខិតបទដ្ឋានគតិយុត្តទាក់ទងការប្រើប្រាស់ដីនៅតាមច្រកព្រំដែន (៤).ស្នើសុំឱ្យមានការចូលរួមពីមន្រ្តីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិបានចូលរួមពេលចុះសិក្សាផ្ទាល់នៅទីតាំងច្រកព្រំដែន៕
អត្ថបទដោយ៖ cambodia-nation-media