រដ្ឋសភាគំាទ្រពេញទំហឹងចំពោះប្រព័ន្ធគាំពារសង្គមដែលបានរួមចំណែកជួយដល់ប្រជាពលរដ្ឋក្នុងពេលជួបវិបត្ដិនានា និងបានចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

 សង្គម
 ១៩ ឧសភា ២០២៥
 54
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា ប្រព័ន្ធគាំពារសង្គម បានរួមចំណែកដ៏សំខាន់ជួយដល់ប្រជាពលរដ្ឋកម្ពុជារាប់សិបលាននាក់ ក្នុងពេលជួបវិបត្ដិនានាជាយថាហេតុ។ ជាមួយគ្នានេះប្រព័ន្ធគំាពារសង្គម បានចូលរួមកាត់បន្ថយភាពក្រីក្រ ជាពិសេសធានាការគាំពារផ្នែកថែទាំសុខភាព ចាប់តាំងពីពេលចាប់កំណើតរហូតដល់ទទួលមរណភាព ដែលអាចកំណត់ថាជា “អភិក្រមនៃវដ្តជីវិត” ដែលមានបណ្ដុំហានិភ័យតាមដំណាក់កាលចំនួន ៧ រួមមាន មាតុភាព និងហានិភ័យកុមារភាព, ហានិភ័យសុខភាព, ហានិភ័យការងារ, ពិការភាព, និកម្មភាព, ភាពគ្មានជម្រកនិងជរាភាព និងឧត្ដរជីវី។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់នីតិកាល ជាពិសេសក្នុងនីតិកាលទី៧ នៃរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតលើមូលធនមនុស្ស ដោយកំណត់យក “មនុស្ស” ជាគោលដៅអាទិភាព សម្រាប់ការអភិវឌ្ឍជាតិ ដោយបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋពេញមួយជីវិត។ ប្រព័ន្ធគាំពារសង្គម មិនត្រឹមជាសំណាញ់សុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែជាក្បាលម៉ាស៊ីន នៃសមធម៌សង្គម និងភាពធន់នៃសេដ្ឋកិច្ច។ ក្នុងនាមរដ្ឋសភានិងជាតំណាងឱ្យប្រជាពលរដ្ឋកម្ពុជា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយប្រព័ន្ធគាំពារសង្គម ហើយរដ្ឋសភានឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់កិច្ចសហការ និងគាំទ្រ ដើម្បីធានាថាប្រព័ន្ធនេះសម្រេចបាន នូវសក្តានុពលពេញលេញ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនគ្រប់រូបនិងគ្រប់មជ្ឈដ្ឋាន។ សូមជំរាបថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍បែបនេះ នៅក្នុងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីវេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា » នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ ដែលរៀបចំឡើងដោយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត  យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា(គណៈកម្មការទី៨នៃរដ្ឋសភា) សហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕

អត្ថបទដោយ៖ cambodia-nation-media