មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម កោតសរសើរមន្រ្តីបច្ចេកទេស ក្រោយចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងជួសជុលទំនប់អាងទឹក
ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីលោកអនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានវិស្វកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងស្តារជួសជុលទំនប់សណ្ដអាងទឹកគៀនតាស៊ីវ(ជំហាន៣)ស្ថិតក្នុងឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលសម្រេចបានប្រមាណ ៧០% និងគម្រោងជួសជុលទំនប់អាងបឹងធំ ស្ថិតក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលសម្រេចបានប្រមាណ ៧០%។
សូមជម្រាបថា ការងារសំខាន់ៗនៃគម្រោងជួសជុលទំនប់អាងទឹកទាំងពីរមានដូចជា៖ ទី១)គម្រោងជួសជុលទំនប់សណ្តអាងទឹកគៀនតាស៊ីវ(ជំហាន៣) ការងារអនុវត្តរួមមាន៖ ជួសជុលទំនប់សណ្តអាងទឹកចំនួន ២ខ្សែ ប្រវែង ៣៨២០មែត្រ និងសាងសង់សំណង់សិល្បការ្យសរុបចំនួន ៤កន្លែង និង ទី២)គម្រោងជួសជុលទំនប់អាងទឹកបឹងធំ ការងារអនុវត្តរួមមាន៖ ជួសជុលទំនប់អាងទឹកចំនួន ១ខ្សែប្រវែង ៤៨៣០ម៉ែត្រ និងជួសជុលសំណង់ទ្វារទឹកដែលមានស្រាប់ចំនួន ៣កន្លែង៕
អត្ថបទដោយ៖ cambodia-nation-media