ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាអន្តរជាតិលើកទី១៦ បើកដំណើរការ ៣ថ្ងៃនៅកោះពេជ្រ

 សង្គម
 ១៦ ឧសភា ២០២៥
 71
សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានផ្តួចផ្តើមរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៦ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៥ នៅអគារសន្និបាត និងពិពរណ៌កោះពេជ្រ។ នៅក្នុងពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជានេះ មានស្តង់ជាច្រើន ទាំងស្តង់ជាតិ និងអន្តរជាតិ បានដាក់បង្ហាញនូវផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃផ្សេងៗជាច្រើនរបស់ខ្លួនដល់សាធារណជន បានស្វែងយល់ និងជាវនូវគ្រឿងអលង្ការ និងត្បូងមានតម្លៃផ្សេងៗ។ ពិព័រណ៍នេះ គោលបំណងផ្សព្វផ្សាយ និងផ្តល់ជាព័ត៌មានដល់អាជីវករ ម្ចាស់ក្រុមហ៊ុនគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា-អន្តរជាតិ សហគ្រាស ពាណិជ្ជករ អាជីវករ និងបណ្ដាអ្នកវិនិយោគលើវិស័យ ធនាគារ និងវិស័យពាក់ព័ន្ធ ផ្សេងៗបានយល់ដឹងអំពីការវិវត្តន៍ទៅមុខ និងចក្ខុវិស័យ យូរអង្វែងរបស់កម្ពុជា លើវិស័យគ្រឿងអលង្ការ និងត្បូងធម្មជាតិកម្ពុជា ការលើកកម្ពស់ស្នាដៃច្នៃប្រឌិតម៉ូត និងស្នាដៃស្រាវជ្រាវលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍លក្ខណៈអន្តរជាតិនេះឡើង ប្រកបដោយភាពច្នៃប្រឌិត រស់រវើក និងសម្បូរបែប៕

អត្ថបទដោយ៖ cambodia-nation-media