ក្រុមហ៊ុនឯកជន ផលិតទឹកស្អាតមួយកន្លែងនៅខេត្តកំពង់ឆ្នាំង ពេលចាក់ដីរំលោភចូលទន្លេសាបលឿននោះលឿន តែពេលតម្រូវឲ្យកាយចេញវិញ ដូចដង្កូវបាក់ខ្នង
ឯកឧត្តម យិន ងួនកូលេនីន បាន ឱ្យដឹងថា ក្រុមហ៊ុនទឹកស្អាតបានអនុវត្តតាមការសន្យារបស់ខ្លួន ក្នុងការចុះកាយទំនប់ដី ស្របទៅតាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កន្លងមក។ ជាក់ស្តែងគិតមកដល់ពេលនេះការងារកាយទំនប់ដី សម្រេចបានទើបប្រមាណ៣០% ប៉ុណ្ណោះ ដែលសកម្មភាពនេះ មានសភាពយឺតយ៉ាវ ដោយសារខាងក្រុមហ៊ុនប្រើប្រាស់គ្រឿងចក្រកាយដី តែមួយគ្រឿង។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាលើករណីក្រុមហ៊ុនទឹកស្អាតចាក់ដីចូលទន្លេសាប ដែលមានការចូលរួមពីតំណាងក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប អាជ្ញាធរខេត្តកំពង់ឆ្នាំង និងតំណាងក្រុមហ៊ុនទឹកស្អាត កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានសម្រេចលើ ៣ចំណុចរួមមាន៖ ទី១)តម្រូវឱ្យក្រុមហ៊ុនទឹកស្អាតកាយទំនប់យកអាចម៍ដីចេញពីទន្លេសាបវិញស្របតាមច្បាប់និងបទដ្ឋានបច្ចេកទេសរបស់អ្នកជំនាញក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានសមត្ថកិច្ច ទី២)ក្រុមហ៊ុនទឹកស្អាត ស្នើសុំទុករយៈពេល ១៥ថ្ងៃ ដោយក្រុមហ៊ុននឹងចាប់ផ្តើមកាយដីចេញជាបណ្ដើរៗ ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះតទៅ និងរៀបចំប្លង់បច្ចេកទេស តាមការកំណត់របស់ក្រសួង និងមន្ទីរពាក់ព័ន្ធ និងទី៣)ក្រុមហ៊ុនទឹកស្អាត ត្រូវស្នើសុំទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកំណត់ទីតាំងសម្រាប់បូមទឹកឆៅ សម្រាប់ផលិតទឹកស្អាត ដោយមានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្របតាមច្បាប់៕ អត្ថបទដោយ៖ cambodia-nation-media