ពលរដ្ឋរាយការណ៍តាម App Nodrug កាន់តែមានភាពជឿជាក់ក្នុងការកម្ចាត់ឈ្មួញគ្រឿងញៀន

 សង្គម
 ០៨ ឧសភា ២០២៥
 51
(រាជធានីភ្នំពេញ)៖ តាមរយៈជំនួយការ App Nodrug ពលរដ្ឋដែលបានរាយការណ៍ពីសកម្មភាពជួញដូរគ្រឿងញៀនត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឃាត់បានជនសង្ស័យម្នាក់ នៅខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។ App Nodrug បន្តបញ្ជ្រាបភាពជឿទុកចិត្តពីពលរដ្ឋបន្ថែមទៀតក្នុងនាមជាជំនួយការឆ្លាតវៃ។ ប្រតិបត្តិការស្រាវជ្រាវជាច្រើនសប្តាហ៍កន្លងទៅ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បើការស្រាវជ្រាវ និងកំណត់មុខសញ្ញាមេក្លោង ករណីដឹកជញ្ជូន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ម៉ូវ សុភា ហៅ អាស្រម៉ូវ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ក្រោយពលរដ្ឋបានរាយការណ៍តាម App Nodrug។ កម្លាំងសម្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា ជាគ្រឿងញៀន ចំនួន០៤កញ្ចប់(ថង់), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។ យោងតាមការស្រាវជ្រាវបស់កម្លាំងសមត្ថកិច្ចជំនាញ និងផ្អែកតាមចម្លើយសារភាពរបស់ពិរុទ្ធជនខាងលើ កម្លាំងសមត្ថកិច្ច បាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងបក្ខពួកលាក់ខ្លួន និងបានធ្វើការបង្ក្រាបជាក់ស្តែងករណី “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត” ព្រមទាំងបាន ឃាត់ខ្លួនជនសង្ស័យ ចំនួន០៧នាក់ បន្ថែមទៀត។ ជាមួយគ្នានោះដែរកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនរួមមាន ក្រាមពណ៌សថ្លាជាគ្រឿងញៀន ចំនួន០៨កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០៣, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ថង់សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, កាំភ្លើងកែច្នៃចំនួន០២ដើម, កាំបិត ចំនួន០៧ដើម, ,ដាវកែច្នៃ ចំនួន០៦ដើម និងពូថៅ ចំនួន០២ដើម,ដំបង ៣កំណាត់ ចំនួន១ដើម។   បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួររកបក្ខពួក្ខដែលនៅសេសសល់ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ៕

អត្ថបទដោយ៖ cambodia-nation-media