លោក គង់ សំអឿន៖ជនពិការទូទាំងខេត្តសៀមរាបសរុបមានចំនួនជិត ២ម៉ឺនាក់ ដោយមានស្រ្តី ជិត១ម៉ឺននាក់

 សង្គម
 ០៥ ឧសភា ២០២៥
 50
ខេត្តសៀមរាប៖ របាយការណ៍របស់ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្តសៀមរាប លោក គង់ សំអឿន បានបញ្ជាក់ថាជនមានពិការភាពនៅក្នុងខេត្តសរុបមានចំនួនជិត ២ម៉ឺនាក់ ដោយក្នុងនោះមានស្រ្តី ជិត១ម៉ឺននាក់។ នេះបើតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងកិច្ចការនារី ចេញផ្សាយថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីមានពិធីចុះសួរសុខទុក្ខ ដល់ជនមានពិការភាពភ្នែកប្រកបមុខរបរផ្នែកម៉ាស្សាដៃទេព នៅតាមបណ្ដាហាងម៉ាស្សា នៅក្នុងខេត្តសៀមរាប ដោយលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធការក្រសួងកិច្ចការនារី។   ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា លោក គង់ សំអឿន ប្រធានមន្ទីរ ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរស.អ.យ តំណាងមន្ទីរកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារសមាគមតន្ត្រីសំនៀងជនពិការ សិល្បករ សិល្បការិនី។ កម្មវិធីនេះរៀបចំឡើងដោយសមាគមតន្រ្តីសំនៀងជនពិការ ដែលមានកិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក្រសួងកិច្ចការនារី និងសប្បុរសជន ក្នុងគោលបំណង ចុះសួរសុខទុក្ខស្ដាប់ពី បញ្ហាប្រឈម តម្រូវការ សំណូមពរ ផ្ដល់គ្រឿងឧបភោគបរិភោគ និងជួយសម្របសម្រួលទៅឃុំសង្កាត់ដើម្បីធ្វើអត្តសញ្ញាណកម្មជនពិការ ប័ណ្ណអត្តសញ្ញាណកម្មក្រីក្រ ប័ណ្ណមូលនិធិសមធម៌សុខាភិបាលបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ធ្វើកាតបញ្ចូលជនមានពិការភាពជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា សម្របសម្រួលជនមានពិការភាពសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ផ្ដល់រទេះរុញដល់ជនមានពិការភាពកាយសម្បទា និងផ្ដល់កញ្ចប់ឃីតដល់ស្រ្តីមានពិការភាពភ្នែកពេលសម្រាលកូន។ យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្តសៀមរាប នៅក្នុងខេត្តទេសចរណ៍សៀមរាប មានជនពិការទូទាំងខេត្តសរុបចំនួន ១៨,៩៣៨នាក់ ក្នុងនោះមានស្រ្តីចំនួន ៩,៥៥៦នាក់ ក្នុងនោះជនមានពិការភាពដែលមានអាយុក្រោម១៨ឆ្នាំ ចំនួន ១,៤២៨នាក់ (កុមារាចំនួន ៧៨៩នាក់ កុមារីចំនួន ៦៣៩នាក់)។ លោកជំទាវ ញ៉ែម មរកត បានស្នើឱ្យបងប្អូនមានពិការភាពភ្នែក ទាំងអស់ខិតខំរៀនជំនាញបន្ថែមទៀត ឱ្យលើសពីមួយជំនាញ ក្នុងនេះផងដែរ ឯកឧត្តម ចាប តូ បានបញ្ជាក់ថា ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល សហការជាមួយសមាគមតន្ត្រីសំនៀងជនពិការ នឹងបើកបង្រៀនវគ្គម៉ាស្សាអាស៊ាននៅភ្នំពេញចំនួនមួយសប្តាហ៍ដោយគ្រូជំនាញបរទេស ហេតុនេះស្នើឱ្យបងប្អូនទៅចុះឈ្មោះរៀនឲ្យបានច្រើនកុះករ៕  

អត្ថបទដោយ៖ cambodia-nation-media