គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ហូជីមិញ អាចនឹងសម្រេចការតភ្ជាប់ នៅត្រឹមឆ្នាំ២០២៧
គួរឲ្យដឹងផងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានចាប់ផ្ដើម តាំងពីខែមិថុនា ឆ្នាំ២០២៣ ដោយត្រូវបានវិនិយោគសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដោយចំណាយថវិកាប្រមាណ ១,៣៥ពាន់លានដុល្លារ ចាប់ផ្ដើមពី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ទៅដល់ក្រុងបាវិត ខេត្តស្វាយរៀង ប្រើពេលសាងសង់ ៤៨ខែដើម្បីបញ្ចប់។
ដោយឡែក ប្រទេសវៀតណាម នឹងសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ដែលចាប់ផ្ដើមពី Hoc Mon District ទីក្រុងហូជីមិញ រហូតមកដល់ព្រំដែនម៉ុកបៃ ខេត្តតៃនិញ ដោយចំណាយថវិកាសាងសង់ប្រមាណ ៧៨៨ លានដុល្លារ ចាប់ផ្ដើមពីការសាងសង់ផ្លូវ ៤គន្លង ក្នុងដំណាក់កាលទី១ និងពង្រីកទៅ ៦គន្លង ក្នុងដំណាក់កាលទី២។
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ម៉ុកបៃ-ហូជីមិញ នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុង នៅត្រឹមឆ្នាំ២០២៧ ខាងមុខនេះដូចគ្នា ដោយការតភ្ជាប់គឺពី ភ្នំពេញ-មកកាន់ច្រកទ្វារអន្តរជាតិកម្ពុជាបាវិត-ម៉ុកបៃ ហើយបន្តពីម៉ុកបៃ ទៅហូជីមិញតែម្តង។
ក្រោយផ្លូវទាំង២ នេះសាងសង់រួច ព្រមទាំងទទួលបានការតភ្ជាប់ ជាផ្លូវការ វានឹងក្លាយទៅជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការធ្វើដំណើរ ពិសេសការដឹកជញ្ជូនទំនិញពាណិជ្ជកម្មឆ្លងកាត់ព្រំដែនទ្វេភាគី ការដឹកជញ្ជូនទំនិញកម្ពុជា តាមកំពង់ផែហូជីមិញ ផ្លូវសម្រាប់ទេសចរណ៍រវាងទីក្រុងទាំងពីរ និងការតភ្ជាប់ផ្លូវហាយវ៉េ ក្នុងក្របខណ្ឌអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គជាដើម៕
អត្ថបទដោយ៖ cambodia-nation-media