ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក កត់សម្គាល់ថាអត្តពលិកកីឡាបាល់ទឹកកម្ពុជា មានការអភិវឌ្ឍន៍លឿនបន្ទាប់ពីបញ្ចប់ពីព្រឹត្តិការណ៍ស៊ីហ្គេម២០២៣មក។ ការលើកឡើងនេះបន្ទាប់ពីកម្ពុជា បញ្ចប់ការប្រកួតមិត្តភាពជាមួយ ប្រទេសសិង្ហបុរី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

លោក ហែម គីរី បន្តថាការប្រកួតកីឡាបាល់ទឹកមិត្តភាពជាមួយប្រទេសសិង្ហបុរី ភាពរីកចំរើនរបស់កីឡាករកម្ពុជា ពិតជាគួរឱ្យសរសើរ ដោយមើលឃើញពីភាពខុសប្លែកច្រើនលើសមត្ថភាលេង មិនថាបច្ចេកទេស និងការសហការគ្នានោះទេ។ «សូមជម្រាបផងដែរថាកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលមានវិញ្ញាសាបាល់ទឹកផងដែរគឺលេងក្នុងអាងហែលទឹកតែមួយក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្រាប់កីឡាករកម្ពុជា ជាសមត្ថភាពថ្មីព្រោះមិនមានបទពិសោធលើវិញ្ញាបាល់ទឹកហ្នឹងទេ ហើយយើងទទួលបានលទ្ធផលមិនគាប់ប្រសើរ យើងចាញ់គេច្រើនគ្រាប់»។ លោក គីរី លើកឡើងបែបនេះ។

បន្ថែមពីលើនេះដែរលោកអគ្គលេខាធិការសង្កត់ធ្ងន់ថា បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូងនោះ កីឡាករបាល់ទឹកកម្ពុជា ចាប់ផ្តើមបន្តការហ្វឹកហាត់ខ្លាំងមិនមានពេលសម្រាកឡើយ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនានា ទាំងកម្រិតជាតិ និងអន្តរជាតិ និងជាពិសេសដុសខាត់សមត្ថភាពរបស់កីឡាករកម្ពុជា តាមរយៈការប្រកួតមិត្តភាពជាមួយបណ្តាប្រទេសដែលមានសក្តានុពលលើវិញ្ញាសាកីឡាបាល់ទឹកដូចជាប្រទេសសិង្ហបុរី ជាដើម។

មន្រ្តីសហព័ន្ធខ្មែរកីឡាហែលទឹកដដែល និយាយថា៖«យើងតាំងពីបញ្ចប់ស៊ីហ្គេមមកដល់ឥឡូវ យើងមិនដែលបញ្ឈប់ការហ្វឹកហាត់ទេ ថ្វីដ្បិតកីឡាករមួយចំនួនចូលរនិវត្តន៍តែយើងមានកីឡាករថ្មីចូលរួម។ ជាក់ស្តែងសម្រាប់ការប្រកួតមិត្តភាពជាមួយសិង្ហបុរី លទ្ធផល គឺប្រដំត្រសងគ្នា ដែលខុសពីមុន សិង្ហបុរី អាចឈ្នះកម្ពុជា ដោយច្រើនគ្រាប់ នេះបង្ហាញឱ្យឃើញពីភាពរីកចំរើនរបស់កីឡាករបាល់ទឹកកម្ពុជា»។

យ៉ាងណាលោក ហែម គីរី បញ្ជាក់ថាសម្រាប់ការប្រកួតមិត្តភាពនេះដែរ ភាគី សិង្ហបុរី កោតសរសើរពីឆន្ទៈខ្ពស់ក្នុងការប្រកួតរបស់កីឡាករបាល់ទឹកកម្ពុជា និងអ្វីដែលពិសេសគឺខុសប្លែកពីមុនឆ្ងាយ ទាំងកម្រិតសមត្ថភាព បច្ចេកទេសលេងនៅលើទឹក ការស៊ុតបាល់ដោយមានតាក់តិកគួរឱ្យកត់សម្គាល់។

បើតាមការឱ្យដឹងរបស់លោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក កម្ពុជា ក៏ទទួលបានការកក់ទុកសម្រាប់ការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសនៅក្រៅប្រទេសផងដែរ ពិសេសនឹងមានការបោះជម្រុំហ្វឹកនៅប្រទេសថៃ ដើម្បីត្រៀមខ្លួនសម្រាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃ ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ បន្តពីប្រទេសកម្ពុជា៕