ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារកម្ពុជា លើកទី២ បន្តអំពាវនាវសប្បុរសជនចូលរួមឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរ
ថ្លែងប្រាប់សារព័ត៌មាន CNM តាមសារអេឡិចត្រូនិក នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន បញ្ជាក់ថា ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារកម្ពុជា លើកទី២ ឆ្នាំ២០២៥ បានបិទបញ្ចប់ហើយ ដោយសរុបអ្នកបានចុះឈ្មោះមានចំនួន ២០៨នាក់។ ចំនួននេះលោក ចំរើន ថាថយចុះជាងរៀបចំនៅលើកទី១ ដែលមានអ្នកចុះឈ្មោះចូលរួមជិះកង់ដើម្បីកុមារ ២៥០នាក់ បើធៀបនឹងលើកទី២ ថយចុះ៣០នាក់។
សម្រាប់ការរៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារកម្ពុជា លើកទី២ នេះលោក នូ ចំរើន ថាប្លែកជាងលើកទី១ ដោយនៅក្នុងឆ្នាំ២០២៥ នេះមានជនបរទេសចូលរួមជិះច្រើន។ មន្រ្តីសហព័ន្ធកីឡទោចក្រយានកម្ពុជា លោក ចំរើន និយាយថា៖«មានការចូលរួមច្រើនពីសំណាក់ជនបរទេសសម្រាប់ឆ្នាំនេះ»។
សម្រាប់ការរៀបចំព្រឹត្តិការណ៍ខាងលើនេះដែរ មន្រ្តីសហព័ន្ធដដែលលើកឡើងថាមូលហេតុដែលបង្កើតឱ្យមានព្រឹត្តិការណ៍ជិះកង់នេះ គឺព្រោះតែនេះជាកម្មវិធីមនុស្សធម៌ ជួយដល់កុមារកម្ពុជា និងមន្ទីរពេទ្យដែលមានតម្រូវការ។ បន្ថែមពីលើនេះលោក នូ ចំរើន សង្កត់ធ្ងន់ថាការជិះកង់ទៅកាន់ខេត្តសៀមរាប គឺផ្សាភ្ជាប់ទៅនឹងតំបន់ទេសចរណ៍ ដើម្បីផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិ តាមរយៈការប្រមូលផ្តុំកីឡាករទោចក្រយាន តាមបណ្តាខេត្តមកប្រមូលផ្តុំគ្នា។ នេះបើតាមការបញ្ជាក់ពីមន្រ្តីសហព័ន្ធ លោក ចំរើន។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារកម្ពុជា នឹងចាប់ផ្តើមចេញដំណើរនៅថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥ ចេញពីរាជធានី ឆ្ពោះទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប លើចម្ងាយផ្លូវ៣១០គីឡូម៉ែត្រ៕
អត្ថបទដោយ៖ cambodia-nation-media