បាល់ទះ៖ វិសាខា ជួបក្រុមNakhon Ratchasima QminC មកពីថៃ វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ WSVI

 កីឡា
 ០៣ ឧសភា ២០២៥
 38
សមាគមកីឡាបាល់ទះ វិសាខា របស់កម្ពុជា ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់​បាល់ទះ​អន្តរជាតិ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅ​កោះតៃវ៉ាន់ ហើយដោយគេត្រូវជួបប្រជែងកៅអីវគ្គបន្តជាមួយក្រុមតំណាងប្រទេសថៃ Nakhon Ratchasima QminC នាវេលាម៉ោង២ និង៣០នាទីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។ ជាមួយនឹងជ័យជម្នះនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ​ថ្លែង​អំណរគុណ​ចំពោះប្រតិភូ ក្រុមការងារ ​គ្រូបង្វឹក និង​​កីឡាករដែល​ខិតខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​នៅ​គ្រប់​ការប្រកួត​កន្លង​មក​។ ក្នុង​នោះ​ដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បាន​ថ្លែង​អំណរគុណ​ចំពោះបងប្អូនជនរួម​ជាតិ​ ទាំងក្នុង និងក្រៅប្រទេស ដែលតែងតែ​គាំទ្រ តាម​ដាន​លើក​ទឹកចិត្ត​ដល់​​វិស័យ​បាល់ទះ​កម្ពុជា រួម​ទាំង​ក្រុម​វិសាខា តាំង​ពី​ដើម​រៀងមក។ សម្រាប់ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រនេះ​ ឯកឧត្តមប្រធានសហព័ន្ធ ចាត់ទុកជាជំហាន​បន្ត​ឆ្ពោះ​ទៅ​​ការពារ​តំណែង​ជើង​​ឯក​របស់​វិសាខា ក្នុង​ពានរង្វាន់​(WSVI) ​ ក្នុង​នាម​ជា​ម្ចាស់​ពាន​នៅ​ឆ្នាំ​២០២៤ កន្លង​ទៅ។ ក្នុង​នាម​មហាគ្រួសារ​បាល់ទះ​កម្ពុជា ឯកឧត្តម ស សុខា បាន​ជូនពរ​ឱ្យ​សមាគម​បាល់ទះ​វិសាខា បន្ត​​ប្រកួត​បាន​ជោគជ័យ​ក្នុង​ប្រកួត​ដែល​នៅ​សេសសល់​ជា​បន្តបន្ទាប់៕      

អត្ថបទដោយ៖ cambodia-nation-media