ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Malakoff Corporation Berhad និងក្រុមហ៊ុន GAEA PLC

 សង្គម
 ០២ ឧសភា ២០២៥
 58
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Malakoff Corporation Berhad (MCB) មកពីប្រទេសម៉ាឡេស៊ី ដឹកនាំដោយ លោក Tan Sri Che Khalib Mohamad Nor ប្រធានក្រុមហ៊ុន និងក្រុមហ៊ុន GAEA PLC (Global Action for Environment Awareness Public Limited Company) ដឹកនាំដោយ លោក Dominique Catry ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានជម្រាបអំពីសាវតា, បេសកកម្ម, និងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្មក្នុងការផ្តល់សេវាសាធារណៈ។   ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ វិស័យភស្តុភារកម្ម និងវិសាលភាពកំពង់ផែ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលស្អាត ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។ បន្ទាប់ពីបានស្តាប់ប្រសាសន៏លើកឡើងយ៉ាងក្បោះកាយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកប្រធានក្រុមហ៊ុន MCB បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក.អ.ក.ផ្ទាល់ ក្នុងការសម្របសម្រួលថែទាំគាំទ្រដល់វិនិយោគិន ចាប់តាំងពីដំណាក់កាលដំបូង រហូតដល់ការសម្រេចចិត្តដាក់ទុនវិនិយោគ និងអំឡុងពេលប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ដែលទាំងអស់នេះជាមូលដ្ឋានធ្វើឱ្យអ្នកដែលមានបំណងដាក់ទុនវិនិយោគនាពេលអនាគត កាន់តែមានទំនុកចិត្តក្នុងការសម្រេចចិត្តផងដែរ។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មមាញឹកផ្តល់ឱកាសឱ្យគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងពីរ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុនក៏បានយកឱកាសនេះជម្រាបអំពី៖ សាវតា, ជំនាញឯកទេស, សមិទ្ធផលការងារ, និងមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុន MCB ដោយបានសង្កត់ធ្ងន់ជាពិសេសលើ វិស័យកំពង់ផែ និងកិច្ចការពាក់ព័ន្ធនឹងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការគ្រប់គ្រងសំណល់រឹង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបបន្ថែមអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគួរតែសិក្សាស្វែងយល់ពិចារណា និងពិនិត្យលទ្ធភាពក្នុងការវិនិយោគ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ឧស្សាហកម្មយានយន្ត, ឧស្សហកម្មគ្រឿងអេឡិកត្រូនិច, វិស័យបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាដើម៕  

អត្ថបទដោយ៖ cambodia-nation-media