ប្រពន្ធដើមវាយ ស្រីប្តី ឬប្រពន្ធចុង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ចាត់ការតាមនីតិវិធីច្បាប់ រីបុរសដៃដល់រត់គេចខ្លួនបាត់ ខណៈមន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី មិនគាំទ្រហិង្សានេះឡើយ

 សង្គម
 4 ថ្ងៃមុន
 17
ជនសង្ស័យជា ស្រ្តី០២នាក់ត្រូវបានកម្លាំងជំនាញនគរបាលខណ្ឌទួលគោក ឃាត់ខ្លួន និងត្រៀមចាត់ការតាមនីតិវិធីច្បាប់ ខណៈបុរសជនដៃដល់ម្នាក់ទៀត រត់គេចខ្លួន។ មន្រ្តីជាន់ខ្ពស់នៃក្រសួងកិច្ចការនារី បញ្ជាក់ថាមិនគាំទ្រឡើយចំពោះបញ្ហាស្នេហាត្រីកោណ ដែលបង្ករហិង្សាហើយក៏មិនគាំទ្ររឿងយកប្តីគេនោះដែរ។ តបតាមសារប្រព័ន្ធអេឡិចត្រូនិក លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ប្រាប់សារព័ត៌មាន CNM ថាស្នេហាត្រីកោណ និងអំពើហិង្សាចំពោះលោកជំទាវ ក៏ដូចជាថ្នាក់ដឹកនាំនៃក្រសួងកិច្ចការនារី មិនគាំទ្រឡើយ ហើយថាប្រទេសមានច្បាប់ឯកពន្ធភាព ប្រពន្ធមួយប្តីមួយ។ លោកជំទាវ ញ៉ែម មរកត បានមានប្រសាសន៍ថា៖«ខ្ញុំមិនគាំទ្រទេ ចំពោះស្នេហាត្រីកោណ ដោយប្រទេសយើងមានច្បាប់ឯកពន្ធភាព ប្តី១ប្រពន្ធ១ ក៏ប៉ុន្តែការប្រើអំពើហិង្សាទៅលើគូរស្នេហ៍របស់ប្តី ឬប្រពន្ធចុងខ្ញុំមិនគាំទ្រឡើយ វាជាបទល្មើសព្រហ្មទណ្ឌ»។ លោកជំទាវបន្តថា ប្រសិនពុំមានការទប់ស្កាត់ទេ សកម្មភាពដដែលៗ នឹងកាន់តែកើតឡើងច្រើនឡើងដោយសារតែជនដៃដល់ពុំត្រូវបានផ្តន្ទាទោស។ ជាមួយគ្នានេះដែរ ក្នុងនាមក្រសួងកិច្ចការនារី ក៏បានផ្សព្វផ្សាយជាច្រើនលើកផងដែរក្នុងយុទ្ធនាការប្រឆាំងចំពោះអំពើហិង្សា គ្រប់រូបភាព។   «លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ មានទស្សនៈមិនខុសពីខ្ញុំទេ លោកមិនគាំទ្រអំពើហិង្សាក្នុងរូបភាពណាក៏ដោយ និងស្នើប្តីប្រពន្ធផ្ទាល់ត្រូវចេះស្មោះត្រង់ស្វែងរកសន្តិភាពផ្លូវចិត្តសម្រាប់រឿងដែលខ្លួនបង្ករ និងបានប្រព្រឹត្ត»។ លោកជំទាវរដ្ឋលេខាធិការបង្ហាញទស្សន់ដូច្នេះ។ បន្ថែមពីលើនោះទៀត លោកជំទាវ ញ៉ែម មរកត ចាត់ទុកហិង្សាស្នេហាត្រីកោណ ជាសោកនាដកម្មគួរឱ្យខ្លាចបំផុត ដោយលោកជំទាវចាត់ទុកថាជារឿងដែលពលរដ្ឋទាំងអស់គ្នាមិនចង់ឃើញ និងចុងក្រោយវិនាសតែអ្នកបង្ករ។ គួររំឮកផងដែរថា តាមរយៈវិដេអូនៅលើបណ្តាញសង្គម ស្រ្តីជាប្រពន្ធចុង ជិះរថយន្ត TOYOTA Prius ពណ៌ទឹកប្រាក់ ត្រូវបានមនុស្សមួយក្រុមមានប្រុស និងស្រី ជិះរថយន្តម៉ាក Ford Rabter ពណ៌ស មួយគ្រឿងបើកមកកាក់ពីមុខ ចុះមកស្រែកបង្ខំឱ្យនារីដែលគេស្គាល់ថាជាអ្នកចម្រៀង ចុះពីលើរថយន្ត។ ករណីនារីក្នុងរថយន្តមិនចុះ បុរសពាក់អាវខ្មៅ និងស្រ្តីពាក់អាវលឿង បានប្រើអំពើហិង្សាតែម្តង ដោយមានវាយដោយដំបង បើករថយន្តដេញបំបុកពីក្រោយ។ ដោយការភិតភ័យស្រ្តីបើកបររថយន្ត ព្រូស ត្រូវបានគេស្គាល់ថា ឈ្មោះ ចាប ចិន្តា បានបើករថយន្តគេច រហូតដល់ស្តុបផ្សារសំណង់១២ តែត្រូវបានមនុស្សប្រុសស្រី ០២នាក់បើករថយន្តដេញបំបុកពីក្រោយយ៉ាងពេញទំហឹងនោះ និងបក្សពួកព្រួតគ្នាវាយរហូតដល់នារីរងគ្រោះ រងរបួស ពកក្បាលជាដំណំ។ ស្របពេលមនុស្សមួយក្រុមកំពុងនាំគ្នាព្រួតវាយ នារីរងគ្រោះក៏បានរត់ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយផងដែរ ដើម្បីសុំអន្តារាគមន៍ពីប្រជាពលរដ្ឋដែលរស់នៅជិតនោះ។ ករិយារបស់បុរស និងស្រ្តីជាប្រពន្ធ បានចេញប្រតិបត្តិការដោយកាន់ដំបង និងបន្តវាយសង្គ្របទៅលើនារីរងគ្រោះ បើទោះបីជាមានពលរដ្ឋជួយឃាត់យ៉ាងណាក៏ដោយ។ និយាយក្នុងវិដេអូក្លីប ភាគីជាប្រពន្ធដើមបានបញ្ជាក់ថាតារាចម្រៀងស្រី ឈ្មោះ ចាប ចិន្តា តែងតែមករវីរវល់ជាមួយប្តីរបស់គាត់ ដើម្បីទាក់ទងគ្នា លុះមកដល់ថ្ងៃកើតហេតុ នារីខាងលើមកគោះទ្វារផ្ទះដើម្បីរកប្តីរបស់គាត់ ទើបធ្វើឱ្យគាត់ខឹងសប្បារជាខ្លាំង បបួលបងប្អូននាំគ្នាព្រួតដេញវាយនារីនោះតែម្តង។ ករណីកើតហេតុជម្លោះស្នេហាត្រីកោណ រវាងបក្សពួកប្រពន្ធដើម និងស្រីប្តី ឬប្រពន្ធចុង កើតឡើងនៅចំនុចផ្លូវ២៦៥ ក្បែរផ្សារសំណង់១២​ សង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១ មានឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅផ្ទះលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី២ មានឈ្មោះ អ៊ឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះ មានឈ្មោះ​ ចាប ចិន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះរងការខូចខាត រថយន្ត ០១គ្រឿងម៉ាក Toyota Prius ឆ្នាំ២០០៥ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2 BF-8730 រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុង (ដោយសារជនសង្ស័យជាបក្សពួក ០១នាក់ភេទប្រុសយកដំបងវាយកម្ទេច និងជិះរថយន្តម៉ាក Ford Raptor ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ។ បច្ចុប្បន្នជនសង្ស័យខាងលើទាំងពីរនាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី រីបុរសជនដៃដល់ម្នាក់ទៀតរត់គេចខ្លួនបាត់៕          

អត្ថបទដោយ៖ cambodia-nation-media