ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ បរិច្ចាគថវិកា ២ម៉ឺនដុល្លារ ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

 សង្គម
 ០២ ឧសភា ២០២៥
 55
លោកជំទាវ លៀង យុគ ថោជេដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយឯកឧត្តម​ លោកជំទាវជា​ថ្នាក់ដឹកនាំ និងមន្ត្រីខុទ្ទកាល័យ បាននាំយកថវិកាចំនួន ២ម៉ឺនដុល្លារអាម៉េ​រិកជាថវិការបស់ឯកឧត្តមរដ្ឋមន្ត្រី និង​លោកជំទាវ ព្រមទាំង​មន្ត្រីរាជការក្រោមឱវាទ ដើម្បីចូលរួមជាវិភាគទានសម្រាប់ជួយទ្រទ្រង់សកម្មភាពមនុស្សធម៌សមាគមជាតិកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ សូមជម្រាបថា​ ​ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ខួបទី១៦២ និង​ខួប​លើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ប្រព្រឹត្តទៅ​ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។​ សប្បុរសជនគ្រប់មជ្ឈដ្ឋានបាន​ចូលរួមយ៉ាងសកម្មផុលផុស​​ក្នុង​ការ​បរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។​ ក្នុងឱកាសនោះ​​ លោកជំទាវ លៀង យុគ ថោជេដ្ឋា បានមានប្រសាសន៍​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍​ ដែលបានអនុញ្ញាតឱ្យក្រសួងធនធានទឹក និងឧតុនិយម និងសប្បុរសជន ព្រមទាំង​វិស័យឯកជន បានចូលរួមក្នុង​សកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។ សូម​​បញ្ជាក់ថា​ ក្រសួងធនធានទឹក និង​ឧតុនិយម​​ តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជា​ ក្នុងទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម ៨ ឧសភា ព្រមទាំងបានចូលរួមឧបត្ថម្ភថវិកា​ និង​សម្ភារជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាកម្មវិធីសប្បុរសជាច្រើនទៀត​ ក្នុងការ​រួមចំណែកលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា៕

អត្ថបទដោយ៖ cambodia-nation-media