យុវជនសិង្ហបុរី នៃកម្មវិធី Youth Leaders Collective បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ឧសភា

 សង្គម
 ០២ ឧសភា ២០២៥
 66
តបតាមការអញ្ជើញ របស់សហភាពសហព័ន្ធយុវជនកម្ពុជា គណៈប្រតិភូយុវជនសិង្ហបុរី នៃកម្មវិធី Youth Leaders Collective បានបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់សមាគមប្រជាជនសិង្ហបុរីនេះ គឺជាផ្នែកមួយនៃការអនុវត្តអនុស្សារណៈ នៃការយោគយល់គ្នារវាង សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore) ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ តាមរយៈសហប្រតិបត្តិការទ្វេភាគីនេះ ស្ថាប័នយើងទាំងពី២បានធ្វើការរួមគ្នាជាច្រើន ក្នុងនោះ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ទាំងកម្រិតថ្នាក់ដឹកនាំ និងយុវជនបានត្រូវធ្វើឡើងជាប្រចាំ។ ការផ្លាស់ប្តូរទស្សនកិច្ចរវាងយុវជនកម្ពុជា-សិង្ហបុរី បានឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងរឹងមាំរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសការជំរុញឱ្យមានកិច្ចសហការជាបន្តបន្ទាប់លើកិច្ចការរួមគ្នាកសាងនូវមូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញវិស័យទេសចរណ៍ វិនិយោគទុន និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ទស្សនកិច្ចនៅពេលនេះ ត្រូវបានធ្វើឡើង ចំពេលដែលប្រទេសយើងទាំង២កំពុងប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៥ ក្នុងសម័យសង្គមរាស្ត្រនិយម។ តាមរយៈចំណងមិត្តភាពដែលបានកសាងដោយថ្នាក់ដឹកនាំជំនាន់មុន ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ និងឯកឧត្តម លី ក្វាន់យូ បន្តមកដល់ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម លី សៀនឡុង និងមកទល់បច្ចុប្បន្ន រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Lawrence Wong បានសរបញ្ជាក់ឱ្យឃើញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានរួមគ្នា៕

អត្ថបទដោយ៖ cambodia-nation-media