ឯកឧត្តម វ៉ាង វិនពីន៖«ប្រទេសចិន និងកម្ពុជា ជាមិត្តដែកថែបដែលស្គាល់ចិត្ត ស្គាល់ថ្លើមគ្នា ហើយក៏ជាដៃគូជួយអភិវឌ្ឍរួមគ្នា»
នៅដើមឃ្លាដំបូង នៃសំណេររបស់ ឯកឧត្ដម ឯកអគ្គរដ្ឋទូតចិន ក៏បានលើកឡើងពីភាពស៊ីគ្នាចំពោះ សុភាសិតចិន និងសុភាសិតខ្មែរមួយឃ្លា ដោយសុភាសិតចិនគេនិយាយថា៖«ព្រួញមួយងាយបំបែក ប៉ុន្តែព្រួញដប់ពិបាកបំបែក»។ ចំណែកសុភាសិតខ្មែរពោលថា៖«ចង្កឹះមួយបាច់ កាច់មិនបាក់»។
បន្ថែមពីលើនោះទៀត ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា សរសេរបន្ថែមថា ភាគីចិននឹងលើកទឹកចិត្តក្រុមហ៊ុនកាន់តែច្រើនមកដាក់វិនិយោគទុននៅកម្ពុជា ព្រមទាំងបើកទីផ្សារទំហំធំសម្បើមដល់ភាគីកម្ពុជា នាំចូលផលិតផលកសិកម្មគុណភាពល្អកាន់តែច្រើន ដើម្បីចែករំលែកឱកាសអភិវឌ្ឍចិនដល់មិត្តកម្ពុជា។ ភាគីចិនជឿជាក់ថា ក្រោមការស៊ីជម្រៅកិច្ចសហប្រតិបត្តិការចិន-កម្ពុជា នឹងបង្កើនទំនុកចិត្ត ឱ្យកម្ពុជាអាចសម្រេចបំណងអភិវឌ្ឍចំពោះមុខនឹងការបង្ខិតបង្ខំសេដ្ឋកិច្ចខាងក្រៅ៕
អត្ថបទដោយ៖ cambodia-nation-media